ភ្នំពេញ៖ កាស៊ីណូ ហ្គោដិនហ្កាឡាក់ស៊ីកាស៊ីណូ ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ១ ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ត្រូវបានដកហូតអាជ្ញាបណ្ណ ក្រោយរកឃើញជាប់ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS)។ នេះបើតាមសេចក្ដីប្រកាសរបស់អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦។
បើតាមសេចក្ដីប្រកាស កាលពីព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ រួមជាមួយគណៈបញ្ជាការឯកភាពក្រុងបាវិត និងមន្ត្រីអគ្គលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះទៅបង្ក្រាបបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីតាំងកាស៊ីណូ ហ្គោដិនហ្កាឡាក់ស៊ីកាស៊ីណូ ស្ថិត នៅផ្លូវជាតិលេខ១ ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ក្នុងប្រតិបត្តិការនេះ កម្លាំងមានសមត្ថកិច្ច បានធ្វើការនាំខ្លួនជនសង្ស័យ ចំនួន ២៤៤ នាក់ ក្នុងនោះ ជនជាតិវៀតណាមចំនួន ១៨២ នាក់, ជនជាតិចិនចំនួន ៤៩ នាក់, ជនជាតិកូរ៉េចំនួន ៩ នាក់ និង ខ្មែរចំនួន ៤ នាក់ ព្រមទាំងបាន ដកហូតវត្ថុតាង នានា ជាអាទិ៍៖ (១) ទូរស័ព្ទដៃចំនួន ៥០៥ គ្រឿង, (២) កុំព្យូទ័រលើតុ ចំនួន ១៥០ គ្រឿង, (៣) កុំព្យូទ័រយួរដៃ ១ គ្រឿង, (៤) Monitor ១ គ្រឿង, និង (៥) រថយន្ត ៤ គ្រឿង។
កម្លាំងមានសមត្ថកិច្ច នឹងត្រូវបន្តនីតិវិធីស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន និងអនុលោមតាមច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលប្រកាសឱ្យប្រើដោយ ព្រះរាជក្រមលេខ នស/រកម/ ០៤២៦/០០៦ ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦។
ដោយពិនិត្យឃើញថា ក្រុមហ៊ុន ខេ ប៊ី អាយ (ខេមបូឌា) ភីអិលស៊ី ដែលមានកាស៊ីណូ ហ្គោដិនហ្កាឡាក់ស៊ីកាស៊ីណូ មានការពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាពិសេសប្រព្រឹត្តល្មើសនឹង បទប្បញ្ញត្តិ ដែលមានចែងនៅក្នុងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម, គណៈកម្មការគ្រប់គ្រងល្បែង ពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូ លេខ ០៨៦ គ.ល.ក. ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ដែលបានផ្តល់ជូនក្រុមហ៊ុន ខេ ប៊ី អាយ (ខេមបូឌា) ភីអិលស៊ី ស្ថិត នៅផ្លូវជាតិលេខ១ ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង តាមរយៈសេចក្តីសម្រេចលេខ ០៣២ គ.ល.ក.សសរ ចុះថ្ងៃទី៨ ខែមេសា គ.ស.២០២៦៕