ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី៨ ខែមេសា បានចេញសេចក្តីថ្លែងការណ៍ពាក់ព័ន្ធថៃដកខ្លួនជាឯកតោភាគីពីអនុស្សរណៈឆ្នាំ២០០១។សម្រាប់ក្រសួង MOU-2001 នៅតែមានសុពលភាពរហូតដល់គោលបំណងបានសម្រេចពេញលេញ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានពន្យល់ថា MOU-2001 ឆ្លុះបញ្ចាំងពីឆន្ទៈនយោបាយពិតប្រាកដ និង បំណងរួមរបស់ប្រទេសកម្ពុជា និងថៃ ក្នុងការរៀបចំដោយស្មោះត្រង់នូវក្របខ័ណ្ឌមួយដែលភាគីទាំងពីរអាចទទួលយកបាន ដើម្បីជាមូលដ្ឋានសម្រាប់ការទាញយកផលប្រយោជន៍រួម ពីធនធាននៅក្នុងតំបន់ដែនសមុទ្រត្រួតគ្នា (OCA) ហើយក្នុងពេលដំណាលគ្នានោះ ក៏ជំរុញការ កំណត់ព្រំដែនសមុទ្រស្របតាមច្បាប់អន្តរជាតិ។
MOU-2001 ក៏បង្ហាញពីសុច្ឆន្ទៈរបស់ប្រជាជាតិទាំងពីរ ក្នុងកិច្ចខិតខំប្រឹងប្រែង កំណត់ព្រំដែនសមុទ្រមួយប្រកបដោយមិត្តភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមគ្នាសម្រាប់ ប្រជាជននៃប្រទេសទាំងពីរ។ តាមសេចក្តីចែងនៃអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ឯកសារនេះនៅតែមានសុពលភាពរហូតដល់គោលបំណងរបស់អនុស្សរណៈនេះត្រូវបានសម្រេចពេញលេញ។
បើតាមសេចក្តីថ្លែងការណ៍ ក្រសួងសម្តែងការសោកស្តាយយ៉ាងខ្លាំង បើភាគីថៃសម្រេចដកខ្លួនជាឯកតោភាគីពី អនុស្សរណៈឆ្នាំ២០០១ ដែលនេះជាជំហានមួយងាកចេញពីស្មារតីសហប្រតិបត្តិការដែលជា មូលដ្ឋានគ្រឹះនៃឯកសារនេះ។ចំពោះប្រទេសកម្ពុជាវិញ នៅតែប្រកាន់ខ្ជាប់យ៉ាងមុតមាំ និងឥតងាករេចំពោះខ្លឹមសារ និងស្មារតីនៃអនុស្សរណៈរន្ទះ ព្រមទាំងចំពោះសុច្ឆន្ទៈ និងភាពស្មោះត្រង់ ដែលបាននាំឱ្យអនុស្សរណៈនៃការយោគយល់គ្នានេះ សម្រេចបានកាលពីឆ្នាំ២០០១៕