ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ Emirates Airlines ប្ដេជ្ញាចូលរួមចំណែកកាន់តែសកម្មក្នុងការជំរុញវិស័យទេសចរណ៍នៅកម្ពុជា ជាពិសេសតាមរយៈការពង្រឹងការតភ្ជាប់តាមផ្លូវអាកាស តាមរយៈជើងហោះហើរត្រង់របស់ក្រុមហ៊ុនពីទីក្រុងឌូបៃ មកកាន់រាជធានីភ្នំពេញ និងខេត្តសៀមរាប។ ការប្ដេជ្ញានេះត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងារជាមយយលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍នាពេលថ្មីៗនេះ។
នាឱកាសនេះ លោក Fahad Al Hassawi ប្រធានតំណាងក្រុមហ៊ុនអាកាសចរណ៍ Emirates Airlines ប្រចាំកម្ពុជា បានស្នើសុំអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ ដើម្បីឱ្យក្រុមហ៊ុនអាចចូលរួមចំណែកកាន់តែសកម្មក្នុងការជំរុញវិស័យទេសចរណ៍នៅកម្ពុជា ជាពិសេសតាមរយៈការពង្រឹងការតភ្ជាប់តាមផ្លូវអាកាស តាមរយៈជើងហោះហើរត្រង់របស់ក្រុមហ៊ុនពីទីក្រុងឌូបៃ មកកាន់រាជធានីភ្នំពេញ និងខេត្តសៀមរាប។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការគាំទ្រយ៉ាងពេញទំហឹងដល់វិស័យទេសចរណ៍កម្ពុជា និងសន្យាពង្រឹងការតភ្ជាប់ផ្លូវអាកាសពីកម្ពុជាទៅកាន់តំបន់មជ្ឈឹមបូព៌ា ដើម្បីតភ្ជាប់ទៅកាន់ពិភពលោកទាំងមូល។
ជាមួយគ្នានេះ លោក ហួត ហាក់ បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន Emirates Airlines ដែលបានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ការតភ្ជាប់ផ្លូវអាកាស និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា តាមរយៈការដឹកជញ្ជូនភ្ញៀវទេសចរពីគ្រប់ទិសទីមកកាន់កម្ពុជា។ លោកក៏បានស្នើឱ្យក្រុមហ៊ុនបន្តកិច្ចសហការផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ពិភពលោកបន្ថែមទៀត តាមរយៈការផលិតវីដេអូខ្លីៗ ការរៀបចំដំណើរកម្សាន្តសិក្សា (FAM Trip) និងការផ្សព្វផ្សាយវីដេអូតាមបណ្តាញផ្សព្វផ្សាយនានារបស់ក្រុមហ៊ុន។
គួរបញ្ជាក់ថា នាពេលបច្ចុប្បន្ន ក្រុមហ៊ុន Emirates Airlines នៅតែបន្តរក្សាការតភ្ជាប់ជើងហោះហើរប្រចាំថ្ងៃពីទីក្រុងឌូបៃមកកាន់រាជធានីភ្នំពេញសរុបចំនួន ៧ ជើងចូល និង ៧ ជើងចេញ ក្នុងមួយសប្តាហ៍។ ចំពោះប្រតិបត្តិការជើងហោះហើរតភ្ជាប់មកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) ដែលមានសរុបចំនួន ៦ ជើង (៣ ជើងចូល និង ៣ ជើងចេញ) ក្នុងមួយសប្តាហ៍៕