ភ្នំពេញ៖ កម្ពុជា-កូរ៉េ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងទូតកូរ៉េប្រចាំកម្ពុជា សហការគ្នាដឹកនាំកិច្ចសន្ទនាលើកទី៣ រវាងរដ្ឋនិងវិស័យឯកជននៃប្រទេសទាំងពីរ នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦។ កិច្ចសន្ទនានេះធ្វើឡើងដើម្បីដោះស្រាយបញ្ហាដែលជាកង្វល់របស់វិនិយោគិនកូរ៉េ សំដៅរួមចំណែកក្នុងការលើកម្ពស់បរិយាកាសវិនិយោគ និងបរិស្ថានធុរកិច្ចនៅកម្ពុជា ក៏ដូចជាពង្រឹង និងពង្រីកវត្តមានរបស់សហគ្រាសកូរ៉េឱ្យមកបណ្តាក់ទុនវិនិយោគនៅលើទឹកដីកម្ពុជាបន្ថែមទៀត។
នាឱកាសនោះ លោក ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់ជាថ្មីនូវឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចាត់ទុកវិស័យឯកជនគឺជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច។ លោកបានសង្កត់ធ្ងន់ថា កិច្ចសន្ទនានេះមិនមែនត្រឹមតែជាវេទិកាពិភាក្សាប៉ុណ្ណោះទេ ប៉ុន្តែគឺជាយន្តការការងារជាក់ស្តែង ដើម្បីស្វែងរកដំណោះស្រាយរួមគ្នាចំពោះករណីអាទិភាពនានា សំដៅបង្កលក្ខណៈងាយស្រួល និងបង្កើនភាពបត់បែនដល់ធុរកិច្ចកូរ៉េនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។
ជាការឆ្លើយតប ឯកឧត្តម KIM Changyong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការរៀបចំពិធីទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី១ រវាងរដ្ឋនិងវិស័យឯកជន ដែល ក.អ.ក. បានរៀបចំទទួលកាលពីថ្ងៃទី២ ខែមេសាកន្លងទៅ ដែលជាវេទិកាមួយផ្ដល់ឱកាសឱ្យភាគីរដ្ឋ និងឯកជន អាចជជែកពិភាក្សាក្រៅផ្លូវការបានយ៉ាងស៊ីជម្រៅ និងត្រង់ទៅត្រង់មកអំពីបញ្ហាប្រឈមជាក់ស្តែង។ ជាមួយគ្នានេះ លោកក៏បានសម្តែងនូវការកោតសរសើរដោយស្មោះចំពោះរាជរដ្ឋាភិបាលកម្ពុជា លើកិច្ចខិតខំប្រឹងប្រែងប្រកបដោយប្រសិទ្ធភាពក្នុងការបង្ក្រាប និងបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលជាកត្តាដ៏សំខាន់ក្នុងការលើកកម្ពស់សន្តិសុខសេដ្ឋកិច្ច និងឌីជីថល។
ភាគីទាំងពីរបានឯកភាពគ្នាថា ទាំងផ្នែករដ្ឋនិងឯកជន ចាំបាច់ត្រូវមានភាពបត់បែនខ្ពស់ និងកិច្ចសហការស្អិតល្មួតបំផុត ដើម្បីប្រែក្លាយបញ្ហាប្រឈមទាំងឡាយឱ្យទៅជាកាលានុវត្តភាព។ ការប្តេជ្ញាចិត្តរួមគ្នានេះ នឹងក្លាយជាសក្ខីកម្មដ៏រឹងមាំក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ច កម្ពុជា-កូរ៉េ ឱ្យឈានដល់កម្រិតថ្មីមួយទៀតដែលហុចផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកប្រកបដោយចីរភាព៕