ចិន៖កំពុងមានវត្តមានលើដីទឹកចិនដីគោក លោកស្រី ចឹង លីវ័ន(Cheng Li-wun) ប្រធានគណបក្សគួមីនតាំង (KMT) នៃកោះតៃវ៉ាន់ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការប្រកាន់ខ្ជាប់នូវ «កិច្ចព្រមព្រៀងឆ្នាំ១៩៩២» និង ការប្រឆាំងដាច់ខាតចំពោះចលនាបំបែកខ្លួននៅតៃវ៉ាន់ ដើម្បីរក្សាស្ថិរភាពនៃទំនាក់ទំនងឆ្លងកាត់ច្រកសមុទ្រ។ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីលោកស្រី និង គណៈប្រតិភូបានធ្វើដំណើរទៅដល់ទីក្រុងណានជីង (Nanjing) ខេត្តជាំងស៊ូ ភាគខាងកើតប្រទេសចិន។
ក្នុងដំណើរទៅដល់ទីក្រុងណានជីង លោកស្រី ឆេង លីវុន បានថ្លែងអំណរគុណដល់លោក ស៊ី ជិនពីង និងអាជ្ញាធរចិនចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ដោយលោកស្រីសង្កត់ធ្ងន់ថា ទស្សនកិច្ចនេះមានសារៈសំខាន់ណាស់សម្រាប់សន្តិភាព និងសុខុមាលភាពប្រជាជនតៃវ៉ាន់។
លោកស្រីបានបញ្ជាក់ថា ការប្រកាន់ខ្ជាប់ «កិច្ចព្រមព្រៀងឆ្នាំ១៩៩២» និងការប្រឆាំងការបំបែកខ្លួន គឺជាគ្រឹះនយោបាយមិនអាចខ្វះបាន ដើម្បីធានាឱ្យកិច្ចសន្ទនាឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ប្រព្រឹត្តទៅបានយ៉ាងរលូន។
លោក សុង តាវ ប្រធានការិយាល័យការងារតៃវ៉ាន់ ក៏បានបង្ហាញជំនឿចិត្តថា ដំណើរទស្សនកិច្ចនេះនឹងបង្ហាញឱ្យឃើញពីសមិទ្ធផលដ៏មហិមារបស់ចិនដីគោក និងសុឆន្ទៈរវាងបងប្អូនរួមឈាម។ លោកបានបន្ថែមថា គណបក្សទាំងពីរត្រូវរួមគ្នាជំរុញការអភិវឌ្ឍដោយសន្តិភាព និងផ្តល់អាទិភាពដល់ផលប្រយោជន៍ជាតិ ដើម្បីឈានទៅរកការស្តារឡើងវិញនូវប្រជាជាតិចិនទាំងមូល។
គួររំលឹកផងដែរថា នេះគឺជាលើកដំបូងហើយក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ដែលប្រធានគណបក្ស KMT បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅចិនដីគោក។ តាមការអញ្ជើញរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងលោក ស៊ី ជិនពីង គណៈប្រតិភូគ្រោងនឹងបន្តដំណើរទៅកាន់ទីក្រុងស៊ាងហៃ និងទីក្រុងប៉េកាំងបន្ថែមទៀត ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រនេះ៕