681 ezgif.com resize
Swift cc time

រដ្ឋមន្ត្រីការពារជាតិកម្ពុជា រំពឹងថារុស្ស៊ីនឹងបន្តគាំទ្រកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយោធា

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ទៅស្វាគមន៍ «នាវាចម្បាំង»របស់រុស្ស៊ី ចំនួន ២គ្រឿង នៅព្រះសីហនុ។

ព្រះសីហនុ៖«នាវាចម្បាំង»របស់រុស្ស៊ី ចំនួន ២គ្រឿង កាលពីថ្ងៃទី ៦ មេសា បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុរបស់ប្រទេសកម្ពុជា ដើម្បីបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃនៅកម្ពុជា។តាមរយៈវត្តមាននាវាចម្បាំងនេះ ប្រមុខការពារជាតិកម្ពុជា សង្ឃឹមយ៉ាងមុតមាំថា រុស្ស៊ីនឹងនៅតែបន្តគាំទ្រ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធារបស់យើងបន្ថែមទៀត។

កាលពីថ្ងៃទី ៧ មេសា ម្សិលមិញ លោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំក្រុមការងារទៅស្វាគមន៍«នាវាចម្បាំង»របស់រុស្ស៊ីចំនួន​២​គ្រឿង (នាវា Sovershenny លេខ៣៣៣ និងនាវា Rezky លេខ៣៤៣) មកពីកងនាវាប្រចាំតំបន់ប៉ាស៊ីហ្វិក​នៃកងទ័ព​ជើង​ទឹកសហព័ន្ធរុស្ស៊ី ដែលបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីបំពេញទស្សនកិច្ច ជាមួយនាវិកសរុប​ប្រមាណ ២៦២នាក់។

បើតាមលោក ទៀ សីហា បានចាត់ទុក ដំណើរទស្សនកិច្ចរបស់កងទ័ពជើងទឹករុស្ស៊ី និង នាវាចម្បាំងនាពេលនេះ នឹងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការពារ​ជាតិ​រវាងកម្ពុជា និងរុស្ស៊ី ដែលប្រទេសទាំងពីរតែងប្រកាន់យកក្នុងប្រវត្តិនៃទំនាក់ទំនង។លោក សង្ឃឹមយ៉ាងមុតមាំថា រុស្ស៊ីនឹងនៅតែបន្តគាំទ្រ និង ធ្វើការយ៉ាងជិតស្និទ្ធជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយោធាកម្ពុជា-រុស្ស៊ីបន្ថែមទៀត ជាពិសេសការបណ្តុះបណ្តានធនធានមនុស្ស និង ការធ្វើលំហាត់សមយុទ្ធរួមគ្នានាពេលអនាគត។

គួរបញ្ជាក់ថា «នាវាចម្បាំង»ទាំង២គ្រឿងនេះ មានឈ្មោះទី១៖នាវាចម្បាំង Sovershennyy ដាក់ដំណើរការកាលពីឆ្នាំ២០១៧។ វាជានាវាចម្បាំងប្រភេទ corvette ថ្នាក់ Steregushchy-class ទម្ងន់២២០០តោន ប្រវែង១០៤ម៉ែត្រ ដើរដោយម៉ាស៉ីនម៉ាស៊ូត និងល្បឿន៤៨គីឡូម៉ែត្រ ក្នុងមួយម៉ោង។ នាវាចម្បាំងនេះ មានបំពាក់ប្រព័ន្ធរ៉ាដា និងមីស៉ីលចម្រុះ ហើយមានកន្លែងសម្រាប់ឱ្យឧទ្ធម្ភាគចក្រអាចចុះចតបាន។

ចំណែកនាវាទី២៖នាវាចម្បាំង Rezky ដាក់ដំណើរការកាលពីឆ្នាំ២០២៣។ វាមានលក្ខណៈបច្ចេកទេស ស្រដៀងគ្នាទៅនឹងនាវាចម្បាំង Sovershennyy ដែរ ដោយសារជានាវាប្រភេទ corvette ស្ថិតក្នុងថ្នាក់ Steregushchy-class ដូចគ្នា។ ពួកវាមានតម្លៃខ្ទង់ ១២០-១៥០លានដុល្លារក្នុងមួយគ្រឿង៕

Khcct banner

អត្ថបទទាក់ទង