ភ្នំពេញ៖ កម្ពុជា និងសហរដ្ឋអាម៉េរិក កាលពីថ្ងៃទី២ មេសា បានផ្តើមកិច្ចសហប្រតិបត្តិការថ្មីមួយផ្នែកសុខាភិបាល ដោយបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់រយៈពេលប្រាំឆ្នាំ ដែលមានគោលបំណងជួយឱ្យកម្ពុជាឈានទៅរកអធិបតេយ្យភាពពេញលេញក្នុងវិស័យសុខាភិបាល រួមមានការលុបបំបាត់ជំងឺគ្រុនចាញ់ និងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ របេង និងជំងឺឆ្លងជាដើម។
កាលពីថ្ងៃទី២ ខែមេសា លោកទេសរដ្ឋមន្ត្រី ឈៀង យ៉ាណារ៉ា អនុប្រធានទី២ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកសាស្ត្រាចារ្យ ឈៀង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាមួយលោកស្រីភារធារី Bridgette Walker បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់រយៈពេលប្រាំឆ្នាំពង្រឹងផ្នែកសុខាភិបាលនៅកម្ពុជា ដោយនឹងផ្តោតទៅលើការលុបបំបាត់ជំងឺគ្រុនចាញ់ និងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ និងរបេង ការពង្រឹងការឆ្លើយតបចំពោះការគំរាមកំហែងដែលកើតឡើងថ្មីៗ លើវិស័យសុខាភិបាលជាសកល និងការអនុវត្តគំរូហិរញ្ញប្បទានរួម ដើម្បីពង្រឹងឯករាជ្យភាព នៃការដឹកនាំលើវិស័យសុខាភិបាលកម្ពុជា។
កិច្ចខិតខំប្រឹងប្រែងរួមគ្នាទាំងនេះនឹងជំរុញសកម្មភាព និងរួមចំណែកដល់គោលដៅរបស់ប្រទេសកម្ពុជាក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ បញ្ចប់មេរោគអេដស៍ជាការគំរាមកំហែងដល់សុខភាពសាធារណៈ កាត់បន្ថយអត្រាកើតជំងឺរបេង និងអត្រាមរណភាព និងធានាការរកឃើញ និងការឆ្លើយតបទាន់ពេលវេលាចំពោះការផ្ទុះឡើងនៃជំងឺឆ្លង។ បន្ថែមពីនេះ អនុស្សរណៈក៏ពង្រឹងសមត្ថភាពវិស័យសុខាភិបាលនៅកម្ពុជា ស្របតាមយុទ្ធសាស្ត្ររបស់កម្ពុជាក្នុងការពង្រឹងប្រព័ន្ធជាតិ និងសមត្ថភាពវិស័យសុខាភិបាល។
អនុស្សរណៈនៃការយោគយល់គ្នាស្តីពីសុខភាពទ្វេភាគីនេះ គូសបញ្ជាក់ពីការប្តេជ្ញាចិត្តទៅវិញទៅមកក្នុងការការពារ និងជំរុញផលប្រយោជន៍សុខភាពរួមគ្នា និងការពារសុខុមាលភាពរបស់ប្រជាជនកម្ពុជា និងអាម៉េរិក ខណៈពេលដែលគាំទ្រដោយផ្ទាល់ដល់គោលបំណងរយៈពេលវែងនៃការកសាងប្រព័ន្ធសុខភាពដែលមានភាពធន់ និងអាចទ្រទ្រង់ខ្លួនឯងបាន ដែលដឹកនាំដោយរាជរដ្ឋាភិបាកម្ពុជា៕