សៀមរាប៖ អាជ្ញាធរជាតិអប្សរា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានយកចិត្តទុកដាក់លើការថែរក្សាមរតកវប្បធម៌អរូបីរបស់ដូនតា ដោយជួយជ្រោមជ្រែងដល់អ្នកជំនាញផ្នែកសិល្បៈខ្មុកម្រ័ក្សណ៍ ឱ្យទៅបង្រៀនជំនាញនេះដល់ពលរដ្ឋ និងយុវជនខ្មែរជាច្រើននាក់ នៅក្នុងភូមិធម្មជាតិរុនតាឯក ក្រុងរុនតាឯកតេជោសែន គម្រោងបណ្តុះបណ្តាលវិជា្ជជីវៈកេរដំណែលដូនតា ដើម្បីឱ្យអ្នកមានចិត្តស្រឡាញ់វិស័យនេះបានរៀនសូត្រ និងបានទទួលយកចំណេះជំនាញដូនតាបន្តវេនទៅថ្ងៃអនាគត។
លោក យុន តារារ័ត្ន អាយុ៥២ឆ្នាំ អ្នកជំនាញសិល្បៈសូនរូប និងជាគ្រូបង្គោល បានឱ្យដឹងថា ខ្មុកម្រ័ក្សណ៍ គឺជាខ្មុកធ្វើពីស្មាច់ ឬក្រដាស និងម្រ័ក្សណ៍ជាដើម។ ចំណេះដឹងធ្វើខ្មុកម្រ័ក្សណ៍នេះ មានរាប់រយឆ្នាំមកហើយនៅក្នុងសង្គមខ្មែរ។ ការណ៍នេះ គេត្រូវតែបណ្តុះបណ្តាលបន្តដើម្បីឱ្យចំណេះដឹងនេះមានភាពទូលំទូលាយ និងកុំឱ្យបាត់បង់។ ចំពោះមុខខ្មុក ចាស់បុរាណធ្វើឡើងសម្រាប់ពាក់សម្តែងល្ខោនខោល មានតួអង្គផ្សេងៗនៅក្នុងរឿងរាមកេរ្តិ៍។ ដោយឡែកនៅក្នុងការបង្រៀននេះ លោក តារារ័ត្ន បញ្ជាក់ថា គឺរៀនផលិតខ្នាតតូច មានតួអង្គយក្ស ស្វា និងច្នៃជាវត្ថុអនុស្សាវរីយ៍ជាច្រើនប្រភេទទៀត ដើម្បីឱ្យសិស្សអាចមានលទ្ធភាពបង្កើតអាជីវកម្មពេលរៀនចប់។
សូមបញ្ជាក់ថា លោក យុន តារារ័ត្ន បានចំណាយពេល២ថ្ងៃរៀងរាល់ចុងសប្ដាហ៍ ធ្វើដំណើរចេញពីក្រុងសៀមរាបឆ្ពោះទៅក្រុងរុនតាឯកតេជោសែន ដែលមានចម្ងាយជាង៣០គីឡូម៉ែត្រ ដើម្បីបង្រៀនយុវជន និងពលរដ្ឋនៅទីនោះ។ បើទោះបីជាពេលវេលាខ្លី លោក តារារ័ត្ន បានព្យាយាមបង្ហាត់បង្រៀនទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង ដោយធ្វើឡើងក្នុងទម្រង់ក្បួនខ្នាតនៃសិល្បៈខ្មែរ ហើយឃើញថាការខិតខំរបស់សិស្សងាយចាប់បាន និងអាចធ្វើបានតាមអ្វីដែលគ្រូបានដាក់ឱ្យធ្វើ។
វគ្គបណ្តុះបណ្តាលនៅនេះ មានពលរដ្ឋ និងយុវជនប្រមាណ១៥នាក់ ដែលសុទ្ធសឹងជាអ្នកស្រឡាញ់ និងជ្រើសរើស រៀនជំនាញខ្មុកម្រ័ក្សណ៍៕