681 ezgif.com resize
Swift cc time

ការនាំចេញ«អង្ករ»ទៅចិនរយៈពេល៣ខែដើមឆ្នាំនេះកើនឡើង១៤១%បើធៀបឆ្នាំមុន ជាមួយការសាទរពីទូតចិន និងភាគីពាក់ព័ន្ធ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ រយៈពេល៣ខែនៃឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករចំនួន ៨.៩ ម៉ឺនតោន ទៅកាន់ប្រទេសចិន កើនឡើង ១៤១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន តម្លៃនាំចេញលើសពី ៥៦.៣៨ លានដុល្លារ។ការកើនឡើងនេះ ទទួលបានការសាទរពីស្ថានទូតចិនប្រចាំនៅកម្ពុជា និងភាគីពាក់ព័ន្ធមួយចំនួនទៀត។ ជាមួយការសាទរ ក៏មានការជំរុញឱ្យមានការប្រុងប្រយ័ត្នពីសន្តិសុខស្បៀងអាហារផងដែរ ខណៈតម្លៃប្រេងបន្តកើនឡើងដោយសារសង្គ្រាមនៅអ៊ីរ៉ង់។

លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា កំណើននៃការនាំចេញនេះអាចកើតឡើងបានដោយសារ កសិករកម្ពុជាបានបង្កើនការដាំដុះប្រភេទអង្ករដែលជាតម្រូវការរបស់ភាគីចិនឱ្យមានគុណភាពខ្ពស់ និងទទួលបានទិន្នផលច្រើន ជាពិសេសការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលប្រទេសទាំងពីរ ក៏ដូចជាការរួមចំណែកជំរុញការធ្វើពាណិជ្ជកម្មបន្ថែមពីសហព័ន្ធស្រូវអង្ករកម្ពុជា និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ផងដែរ។

លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) 

ជាមួយគ្នានេះ លោក ឡាយ ឈុនហួរ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងថា ការកើនឡើងការនាំចេញអង្ករទីទីផ្សារចិននៅចុងឆ្នាំ២០២៥ និងដើមឆ្នាំ២០២៦នេះ គឺដោយសារស្រូវ អង្កររបស់កម្ពុជាមានបិរមាណច្រើន ហើយមានគុណភាពល្អ ជាពិសេសការដាំដុះអង្ករសែនក្រអូប និងអង្ករពូជល្អៗជាច្រើនទៀតរបស់កម្ពុជាក៏មានការកើនឡើង និងមានតម្លៃសមរម្យ ហើយសុទ្ធតែជាប្រភេទអង្ករដែលភាគីចិនចង់បានក្នុងបរិមាណច្រើន ទើបធ្វើឱ្យការនាំចេញក៏មានចំនួនច្រើនដែរ។

លោកបញ្ជាក់ថា កំណើននៃការនាំចេញនេះអាចកើតឡើងបានក៏ដោយសារតែរាជរដ្ឋាភិបាលកម្ពុជា-ចិន បន្តរក្សាទំនាក់ទំនងដ៏ល្អជាមួយគ្នា ទើបធ្វើឱ្យមានការជំរុញការនាំចេញអង្ករបន្តការកើនឡើងជាលលំដាប់។

គួរបញ្ជាក់ថា រយៈពេល៣ខែដើមឆ្នាំ២០២៦នេះ កម្ពុជារកចំណូលបានជាង ២០៧ លានដុល្លារ ពីការនាំចេញអង្ករចំនួនជាង ៣៦១ ពាន់តោន ទៅកាន់ទីផ្សារអន្តរជាតិចំនួន ៥៦ គោលដៅ ដោយក្រុមហ៊ុននាំចេញចំនួន ៥៨ ក្រុមហ៊ុន។ ក្នុងនោះ កម្ពុជាសម្រេចការនាំចេញអង្ករទៅចិនក្នុងបរិមាណ ៨.៩ ម៉ឺនតោន គិតជាទឹកប្រាក់មានចំនួនជាង ៥៦ លានដុល្លារ។ នេះបើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា៕

លោក ឡាយ ឈុនហួរ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា 


Khcct banner

អត្ថបទទាក់ទង