តាកែវ៖ រដ្ឋបាលខេត្តតាកែវ នាថ្ងៃទី៧ មេសានេះ បានរៀបចំពិធីប្រណាំង «រទះគោសាឡី» ដើម្បីអបអរសាទរសង្ក្រាន្តតាកែវ ឆ្នាំ២០២៦ និងលើកស្ទួយវប្បធម៌ដូនតា ដោយមានអ្នកចូលរួមច្រើនកុះករ ស្ថិតនៅភូមិបី សង្កាត់រកាក្នុង ក្រុងដូនកែវ (អតីតសាលានយោបាយ)។
ក្នុងឱកាសនេះ លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានលើកឡើងថា ការប្រណាំងរទះគោសាឡីនេះឡើង គឺមានគោលបំណងសំខាន់ៗចំនួន ២ រួមមាន៖ ១. ការរំលឹកគុណូបការៈដល់សត្វគោ ដែលជាសត្វពាហនៈផ្តល់កម្លាំងអូសទាញយ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងជីវភាពរស់នៅ និងការបង្កបង្កើន ផលស្រែចម្ការរបស់ប្រជាកសិករខ្មែរតាំងពីបុរាណកាលមក។ ២. ការថែរក្សាវប្បធម៌ និងកេរដំណែលដូនតា ដើម្បីបង្ហាញឱ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់ បានដឹង និងរួមគ្នាថែរក្សានូវអត្តសញ្ញាណវប្បធម៌ដ៏មានតម្លៃនេះកុំឱ្យបាត់បង់។
ទន្ទឹមនឹងនេះ ក៏ជាការបង្កើតនូវបរិយាកាសសប្បាយរីករាយជូនដល់បងប្អូនប្រជាពល រដ្ឋក្នុងខេត្ត បានទស្សនាកម្សាន្ត នៅមុនឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នាពេលខាងមុខ។ ព្រឹត្តិការណ៍ប្រណាំងរទះគោសាឡីនេះ បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋទាំងជិតឆ្ងាយ ដែលបានមកទស្សនា និងលើកទឹកចិត្តដល់កីឡាករបររទះគោទាំងអស់ បង្កឱ្យបរិយាកាសមានភាពអធិកអធម និងសប្បាយរីករាយជាខ្លាំង ក្រោមម្លប់នៃសុខសន្តិភាព៕