681 ezgif.com resize
Swift cc time

សម្តេច ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរលោក To Lam ដែលទើបជាប់ឆ្នោតជា ប្រធានរដ្ឋវៀតណាម

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ញើសារអបអរសាទរចំពោះ To Lam អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ដែលទើបត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងសម័យប្រជុំពេញអង្គលើកទី១ នៃរដ្ឋសភានីតិកាលទី១៦។

យោងតាមសារលិខិតរបស់សម្តេច ហ៊ុន សែន មានខ្លឹមសារទាំងស្រុងថា៖«ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមរូបខ្ញុំផ្ទាល់ ខ្ញុំសូមសម្ដែងនូវការអបអរសាទរដោយស្មោះអស់ពីដួងចិត្តចំពោះឯកឧត្តម ដែលត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងសម័យប្រជុំពេញអង្គលើកទី១ នៃរដ្ឋសភានីតិកាលទី១៦។ ការបោះឆ្នោតជ្រើសរើសឯកឧត្តម ឱ្យកាន់តំណែងខ្ពស់បំផុតនេះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីភាពជាអ្នកដឹកនាំដ៏ល្អពិសេស និងការប្ដេជ្ញាចិត្តដ៏មុតមាំរបស់ឯកឧត្តម ចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងវិបុលភាពកាន់តែធំធេងនៃប្រទេសរបស់ឯកឧត្តម។

ខ្ញុំមានសេចក្ដីពេញចិត្តយ៉ាងខ្លាំងចំពោះការពិតដែលថាទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសយើងទាំងពីរ ត្រូវបានកសាងឡើងលើគ្រឹះដ៏រឹងមាំនៃសាមគ្គីភាព ការជឿជាក់ ការយោគយល់គ្នាទៅវិញទៅមក កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង។ ខ្ញុំជឿជាក់ថាក្រោមការដឹកនាំរបស់ឯកឧត្តម ទំនាក់ទំនងទ្វេភាគីរបស់យើង នឹងត្រូវពង្រឹងនិងអភិវឌ្ឍឈានដល់កម្រិតកាន់តែខ្ពស់។

ខ្ញុំសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្ញុំ ក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយ ឯកឧត្តម ដើម្បីធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់យើង ទាំងក្នុងកម្រិតទ្វេភាគី និងពហុភាគី ដើម្បីឧត្តមប្រយោជន៍របស់ប្រជាជនយើងទាំងពីរ និងដើម្បីបុព្វហេតុសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក។»

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ លោក To Lam កាន់តំណែងកំពូល២ ក្នុងពេលតែមួយ នោះគឺតំណែងជា«អគ្គលេខាធិការបក្សផង និងជាប្រធានរដ្ឋវៀតណាមផង»។

Khcct banner

អត្ថបទទាក់ទង