អាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក ដូណាល់ត្រាំ បានគំរាមកម្ទេចអ៊ីរ៉ង់ក្នុងរយៈពេលមួយយប់ឱ្យក្លាយជា«យុគថ្ម»វិញប្រសិនបើអ៊ីរ៉ង់មិនអាចធ្វើកិច្ចព្រមព្រៀងមុនថ្ងៃផុតកំណត់ដែលលោកបានកំណត់សម្រាប់ទីក្រុងតេអេរ៉ង់ដើម្បីបើកច្រកសមុទ្រ ហ័រមូស ឡើងវិញ។ ការព្រមានរបស់លោកនេះធ្វើឡើងក្នុងកំឡុងសន្និសីទព័ត៌មានអំពីប្រតិបត្តិការយោធាអាម៉េរិកពិសេសក្នុងការជួយសង្រ្គោះអ្នកបើកយន្តហោះចម្បាំងពីរនាក់ដែលបានធ្លាប់ចូលក្នុងទឹកដីប្រទេសអ៊ីរ៉ង់។
ថ្លែងនៅសេតវិមាន លោក ដូណាល់ត្រាំ បញ្ជាក់ថាលោកជឿជាក់ថាមេដឹកនាំអ៊ីរ៉ង់កំពុងតែស្វែងរកការចរចាដោយ«សុច្ឆន្ទៈ»ប៉ុន្តែលទ្ធផលនៅតែមិនប្រាកដប្រជា។ លោកព្រមានទៀតថាពេលវេលាសម្រាប់អ៊ីរ៉ង់ជិតអស់ហើយបើគ្មានការចរចា រឺ កិច្ចព្រមព្រៀងជាមួយសហរដ្ឋអាម៉េរិកនោះទេត្រឹមយប់ថ្ងៃអង្គារ លោកនឹងកម្ទេចអ៊ីរ៉ង់ក្នុងរយៈពេលមួយយប់ឱ្យក្លាយជា«យុគថ្ម»វិញ។
បើតាមលោកត្រាំប្រទេសទាំងមូលអាចនឹងត្រូវបានកម្ទេចក្នុងរយៈពេលមួយយប់ ហើយយប់នោះអាចជាយប់ថ្ងៃស្អែក (ម៉ោងនៅសហរដ្ឋអាម៉េរិក)។ លោក ត្រាំ បានបន្ថែមថា នៅពេលដែលកាលកំណត់កន្លងផុតទៅ អ៊ីរ៉ង់នឹងត្រូវបញ្ជូនត្រឡប់ទៅយុគសម័យថ្ម" វិញ ហើយពួកគេនឹងគ្មានស្ពាន នឹងគ្មានរោងចក្រថាមពលទៀតឡើយ។
គួររម្លឹកថាប្រទេសអ៊ីរ៉ង់បានបដិសេធសំណើសម្រាប់បទឈប់បាញ់បណ្ដោះអាសន្នរបស់សហរដ្ឋអាម៉េរិក ដោយជំនួសមកវិញអំពាវនាវឱ្យមានការបញ្ចប់ជម្លោះជាអចិន្ត្រៃយ៍ និងការលើកលែងទណ្ឌកម្មនាៗដែលបានដាក់លើប្រទេសអ៊ីរ៉ង់៕