ភ្នំពេញ៖ លោក ត្រិន កឹមទូ (Tran Cam Tu) សមាជិកការិយាល័យនយោបាយ និងជាសមាជិកប្រចាំការគណៈលេខាធិការមជ្ឈិមបក្ស កុម្មុយនីស្តវៀតណាម គ្រោងនឹងមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ពង្រឹងការទូត និងនយោបាយ តបតាមការអញ្ជើញរបស់សម្តេច សាយ ឈុំ អនុប្រធានគណបក្សនិងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។
ដំណើរទស្សនកិច្ចនេះ ដើម្បីបន្តអនុវត្តនូវខ្លឹមសារ ដែលបានឯកភាពគ្នានៅក្នុងកិច្ចប្រជុំកំពូលរវាងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា និងការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ ក៏ដូចជាការអនុវត្តកិច្ចព្រមព្រៀង ស្តីពីការ ផ្លាស់ប្តូរគណៈប្រតិភូរវាងគណបក្សទាំងពីរ ស្របតាមទិសស្លោក «ភាពជាអ្នកជិតខាងល្អ មិត្តភាពជា ប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង» ដើម្បីជាប្រយោជន៍សម្រាប់ គណបក្ស រដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរ។
ទស្សនកិច្ចនេះ ក៏នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនានា ដូចជា ការទូត ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វិទ្យាសាស្ត្រ បច្ចេកវិទ្យា បរិវត្តកម្មឌីជីថល អប់រំ និងទេសចរណ៍ ព្រមទាំងការផ្លាស់ប្តូរប្រជាជននិងប្រជាជន ដែលគណបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ បាននិងកំពុងពង្រឹងពង្រីកលើគ្រប់កម្រិត។
គួរបញ្ជាក់ថា លោក ត្រិន កឹមទូ គ្រោងចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា៕