អ៊ីរ៉ង់៖ លោក Majid Khademi ប្រធានអង្គភាពចារកម្មនៃកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) នៅរសៀលថ្ងៃទី ៦ មេសានេះត្រូវបានកងកម្លាំងពិសេសសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលតាមប្រមាញ់សម្លាប់ផ្តាច់ជីវិត។ ការបាត់បង់មេដឹកនាំកំពូលនៃស្ថាប័នសន្តិសុខដ៏មានឥទ្ធិពលបំផុតរបស់អ៊ីរ៉ង់រូបនេះ បានកើតឡើងចំពេលដែលស្ថានការណ៍ក្នុងតំបន់មជ្ឈិមបូព៌ាកំពុងស្ថិតក្នុងភាពតានតឹងខ្លាំង ជាពិសេសក្រោយការផ្ទុះឡើងនៃជម្លោះប្រដាប់អាវុធរវាងអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តអាម៉េរិក-អ៊ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់។
គិតត្រឹមរសៀលនេះ អាជ្ញាធរអ៊ីរ៉ង់មិនទាន់បានបញ្ជាក់លម្អិតអំពីមូលហេតុ ឬទីតាំងច្បាស់លាស់នៃការស្លាប់របស់លោក Majid Khademi នៅឡើយទេ ប៉ុន្តែព្រឹត្តិការណ៍នេះត្រូវបានគេមើលឃើញថាជាការបាត់បង់ឥស្សរជនយោធាដ៏សំខាន់មួយរូបទៀត ដែលទទួលបន្ទុកកិច្ចការសម្ងាត់ និងសន្តិសុខផ្ទៃក្នុងរបស់ប្រទេសអ៊ីរ៉ង់។
គួររម្លឹកថា លោក Majid Khademi ត្រូវបានតែងតាំងជាប្រធានផ្នែកចារកម្មនៃកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) កាលពីខែមិថុនា ឆ្នាំ២០២៥ កន្លងទៅ បន្ទាប់ពីមន្ត្រីកាន់តំណែងមុនរបស់លោកគឺលោកឧត្តមសេនីយ៍ Mohammad Kazemi ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល៕