ហាណូយ៖ លោក Trần Thanh Mẫn ត្រូវបានអង្គសភាបោះឆ្នោតជ្រើសតាំងសារជាថ្មីឱ្យកាន់តំណែងជាប្រធានរដ្ឋសភាវៀតណាម នៅក្នុងសម័យប្រជុំដំបូងនៃរដ្ឋសភានីតិកាលទី១៦ នាព្រឹកថ្ងៃច័ន្ទនេះ។ ការជាប់ឆ្នោតសារជាថ្មីនេះ បានបញ្ជាក់ពីការបន្តដឹកនាំស្ថាប័ននីតិប្បញ្ញត្តិកំពូលរបស់ប្រទេស ស្របពេលដែលវៀតណាមកំពុងពង្រឹងស្ថិរភាពនយោបាយ និងជំរុញកំណែទម្រង់ច្បាប់សំខាន់ៗ។
យោងតាមការរាយការណ៍របស់កាសែត VN Express ក្នុងនាមជាប្រធានរដ្ឋសភា លោក Trần Thanh Mẫn នឹងបន្តតួនាទីយ៉ាងសំខាន់ក្នុងការត្រួតពិនិត្យលើការអនុវត្តច្បាប់ ការសម្រេចលើបញ្ហាសំខាន់ៗរបស់ជាតិ និងការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយបណ្ដាប្រទេសក្នុងតំបន់ និងសកលលោក។
គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងថ្នាក់ដឹកនាំកំពូលរបស់វៀតណាម (អគ្គលេខាធិការបក្ស, ប្រធានរដ្ឋ, នាយករដ្ឋមន្ត្រី និងប្រធានរដ្ឋសភា) គឺជាផ្នែកមួយនៃយន្តការ «សសរស្តម្ភទាំងបួន» (Four Pillars) នៃរចនាសម្ព័ន្ធនយោបាយវៀតណាម ដែលជាគ្រឹះដ៏សំខាន់ក្នុងការធានាស្ថិរភាព និងជំរុញការអភិវឌ្ឍប្រទេសវៀតណាមឱ្យកាន់តែរីកចម្រើន៕