ប៉ារីស៖ ក្រសួងការបរទេសបារាំងបានប្រកាសកាលពីថ្ងៃសៅរ៍កន្លងទៅនេះថា ជនជាតិបារាំងម្នាក់ដែលត្រូវបានតុលាការចិនកាត់ទោសប្រហារជីវិតកាលពីឆ្នាំ ២០១០ ពីបទជួញដូរគ្រឿងញៀន ត្រូវបានអនុវត្តទោសប្រហារជីវិតហើយ បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែងពីសំណាក់អាជ្ញាធរបារាំង ក្នុងការស្នើសុំលើកលែងទោសលើមូលដ្ឋានមនុស្សធម៌យ៉ាងណាក៏ដោយ។នេះបើតាមការចេញផ្សាយរបស់កាសែតCNA។
ជនជាតិបារាំងដែលត្រូវបានអនុវត្តទោសនោះមានឈ្មោះថា Chan Thao Phoumy អាយុ ៦២ ឆ្នាំ ជាបុគ្គលមានដើមកំណើតឡាវ ដោយការប្រហារជីវិតនេះត្រូវបានធ្វើឡើងនៅក្នុងទីក្រុងក្វាងចូវ (Guangzhou) ភាគខាងត្បូងប្រទេសចិន។
រដ្ឋាភិបាលបារាំងបានសម្ដែងការសោកស្ដាយយ៉ាងខ្លាំង និងបានរិះគន់ថា ក្រុមមេធាវីការពារក្ដីរបស់ជនជាប់ចោទ មិនត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងសវនាការចុងក្រោយឡើយ ដែលនេះគឺជាការរំលោភលើសិទ្ធិការពារខ្លួន។
ទន្ទឹមនឹងនេះ ទីក្រុងប៉ារីសបានបញ្ជាក់ជាថ្មីនូវជំហរប្រឆាំងនឹងទោសប្រហារជីវិត «នៅគ្រប់ទីកន្លែង និងគ្រប់កាលៈទេសៈ» ព្រមទាំងបានអំពាវនាវឱ្យមានការលុបបំបាត់ទោសនេះជាសកល។
ដោយឡែក ក្រសួងការបរទេសចិនមិនបានធ្វើអត្ថាធិប្បាយលម្អិតជុំវិញករណីនេះឡើយ ប៉ុន្តែបានបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា ការបង្ក្រាបបទល្មើសគ្រឿងញៀនគឺជាការទទួលខុសត្រូវរួមរបស់គ្រប់ប្រទេសទាំងអស់។ ភាគីចិនបានសង្កត់ធ្ងន់ថា ខ្លួនអនុវត្តច្បាប់ដោយស្មើភាពចំពោះជនជាប់ចោទគ្រប់សញ្ជាតិ និងបានការពារសិទ្ធិតាមផ្លូវច្បាប់របស់ភាគីពាក់ព័ន្ធយ៉ាងម៉ឺងម៉ាត់បំផុត៕