ប៉េកាំង៖ ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសចិន រួមជាមួយស្ថាប័នរដ្ឋាភិបាលចិនចំនួន ៩ ផ្សេងទៀត កាលពីថ្ងៃសុក្រកន្លងទៅនេះ បានប្រកាសដាក់ឱ្យប្រើប្រាស់នូវ «គោលការណ៍ណែនាំសាកល្បង ស្តីពីការត្រួតពិនិត្យសីលធម៌ និងសេវាកម្មនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)»។
យោងតាមសេចក្ដីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន គោលការណ៍ថ្មីនេះមានគោលបំណងពង្រឹងវិធានការបច្ចេកទេស ដើម្បីបង្ការហានិភ័យផ្នែកសីលធម៌ដែលបង្កដោយ AI ដោយផ្ដោតសំខាន់លើសុខុមាលភាពរបស់មនុស្សជាតិ ភាពយុត្តិធម៌ និងសមត្ថភាពក្នុងការគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យាឱ្យមានភាពជឿជាក់ខ្ពស់។
បន្ថែមពីនេះ គោលការណ៍ណែនាំបានបញ្ជាក់លម្អិតអំពីលក្ខខណ្ឌវិនិច្ឆ័យក្នុងការជ្រើសរើសទិន្នន័យសម្រាប់ហ្វឹកហាត់ (Training Data) ភាពសមហេតុផលនៃក្បួនដោះស្រាយ (Algorithm) និងការរចនាម៉ូដែល ដើម្បីទប់ស្កាត់ការរើសអើង និងការកេងប្រវ័ញ្ចតាមរយៈបច្ចេកវិទ្យា។
ជាមួយគ្នានេះ រដ្ឋាភិបាលចិនក៏បានជំរុញឱ្យមានការអភិវឌ្ឍឧបករណ៍វាយតម្លៃហានិភ័យ និងការការពារសិទ្ធិកម្មសិទ្ធិបញ្ញាលើបច្ចេកវិទ្យាត្រួតពិនិត្យសីលធម៌ ដើម្បីធានាថាផលិតផល និងសេវាកម្ម AI ទាំងអស់ដែលដាក់ឱ្យប្រើប្រាស់ គឺអនុលោមតាមក្រមសីលធម៌វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាយ៉ាងត្រឹមត្រូវបំផុត៕