681 ezgif.com resize
Swift cc time

កម្មករ-កម្មការិនីជាង៥០០នាក់នៅពោធិ៍សែនជ័យទទួលបាន“កាត់សក់បង្កក់សិរី” មុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក ហេង សួរ ជាមួយកម្មករ ក្នុងពិធី“កាត់សក់បង្កក់សិរី”។រូបភាព៖ ក្រសួងការងារកម្ពុជា

ភ្នំពេញ៖កម្មករ កម្មការិនីជាង ៥០០នាក់ នៅក្នុងភូមិក្បាលដំរី១ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី ៤ មេសា បានទទួលការរៀបចំ“កាត់សក់បង្កក់សិរី” ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦។ពិធីនេះ រៀបចំឡើងដោយលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយកម្មករនិយោជិត។

កម្មវិធី “កាត់សក់បង្កក់សិរី” ដើម្បីទទួលបានការកាត់សក់ គៀបសក់ និង ផ្លុំសក់ដោយឥតគិតថ្លៃពីសំណាក់ក្រុមជាងដែលមានជំនាញដ៏ចំណានប្រមាណជា ១០០នាក់ពី សមាគមមិត្តយើង។ពិធីនេះ ជាការត្រៀមខ្លួនទទួលទេវតាឆ្នាំថ្មីផង ការកាត់ ឬធ្វើសក់នេះ ក៏ជាការលើកសម្រស់បានមួយកម្រិត និង ជួយសន្សំសំចៃប្រាក់បានមួយចំនួនផងដែរ ជាពិសេស គឺសម្រាប់កម្មការិនី។នេះបើយោងតាមការអះអាងរបស់លោក ហេង សួរ។

បើតាមលោក ហេង សួរ នាឱកាសបុណ្យចូលឆ្នាំថ្មីនេះ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញរៀបចំរថយន្តរហូតដល់ទៅចំនួន ៦០០គ្រឿង ដើម្បីដឹកជញ្ជូនបងប្អូនកម្មករនិយោជិត និង ប្រជាពលរដ្ឋទាំងពេលទៅលេងស្រុកកំណើត និង ពេលត្រឡប់មកវិញដោយឥតគិតថ្លៃ។ ការរៀបចំរថយន្តដឹកជញ្ជូននាឆ្នាំនេះ គឺពិតជាមានតម្លៃខ្លាំងណាស់ នៅពេលដែលតម្លៃប្រេងឥន្ធនៈកំពុងតែឡើងថ្លៃ ដែលអាចជួយកាត់បន្ថយការចំណាយលើការធ្វើដំណើររបស់បងប្អូនបានមួយចំនួនធំផងដែរ។

ជាមួយគ្នានេះ លោក ក៏បានជម្រាបជូនពីព័ត៌មានឱកាសការងារក្នុងស្រុកប្រហែល ៩ម៉ឺនកន្លែងនៅតាមបណ្តារោងចក្រ សហគ្រាស និង ក្រុមហ៊ុននៅទូទាំងប្រទេស  ហើយបានអំពាវនាវដល់ឱ្យជួយបន្តផ្សព្វផ្សាយពីឱកាសការងារទាំងនេះទៅដល់បងប្អូន សាច់ញាតិ មិត្តភក្តិ ឬអ្នកជិតខាង ក្នុងពេលត្រឡប់ទៅលេងស្រុកកំណើតនាឱកាសឈប់សម្រាកនៃបុណ្យចូលឆ្នាំថ្មីនេះ ជាពិសេសទៅដល់អតីតពលករមកពីប្រទេសថៃ៕

Khcct banner

អត្ថបទទាក់ទង