Img 1426
Swift cc time

លោក មីន អ៊ុង ឡាំង ជាប់ឆ្នោតជាប្រធានាធិបតីមីយ៉ាន់ម៉ា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
លោក មីន អ៊ុង ឡាំង (កណ្តាល) ចូលរួមពិធីមួយនៅមជ្ឈមណ្ឌលសន្និបាតអន្តរជាតិមីយ៉ាន់ម៉ា ក្នុងទីក្រុងណៃពិដោ ប្រទេសមីយ៉ាន់ម៉ា ដើម្បីរំលឹកខួបលើកទីមួយនៃការរញ្ជួយដីនៅមីយ៉ាន់ម៉ា នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦។ (រូបថត / AP)

ណៃពិដោ៖ លោក មីន អ៊ុង ឡាំង នៅថ្ងៃសុក្រនេះ ទទួលបានសំឡេងគាំទ្រជាងពាក់កណ្តាលនៅក្នុងសភាសហភាពមីយ៉ាន់ម៉ា ដោយឈ្នះការបោះឆ្នោតក្លាយជាប្រធានាធិបតីរបស់ប្រទេសមីយ៉ាន់ម៉ា។ក្រុមប្រឹក្សាបោះឆ្នោតប្រធានាធិបតីមីយ៉ាន់ម៉ា ដែលមានតំណាងទាំងអស់នៃសភាសហភាព បានកោះប្រជុំនៅថ្ងៃសុក្រនេះ ដើម្បីជ្រើសរើសប្រធានាធិបតី ដោយមានតំណាងចំនួន ៥៨៤ រូបចូលរួម។

ក្នុងអំឡុងពេលនៃការបោះឆ្នោត លោក មីន អ៊ុង ឡាំង ដែលជាបេក្ខជនប្រធានាធិបតីដែលត្រូវបានតែងតាំងដោយតំណាងសភាជាន់ទាប (Pyithu Hluttaw) ទទួលបានសំឡេងគាំទ្រ ៤២៩ សំឡេង។ លោក U Nyo Saw ដែលតំណាងឱ្យក្រុមតំណាងយោធាមកពីសភាទាំងពីរ ទទួលបានសំឡេងគាំទ្រ ១២៦ សំឡេង ខណៈដែលលោកស្រី Nan Ni Ni Aye ដែលត្រូវបានតែងតាំងដោយតំណាងសភាជាន់ខ្ពស់ (Amyotha Hluttaw) ទទួលបានសំឡេងគាំទ្រ ២៩ សំឡេង។

គួររម្លឹកថាក្រោមប្រព័ន្ធបោះឆ្នោតរបស់ប្រទេសមីយ៉ាន់ម៉ា ក្រុមប្រឹក្សាបោះឆ្នោតប្រធានាធិបតីបោះឆ្នោតជ្រើសរើសប្រធានាធិបតីពីរក្នុងចំណោមអនុប្រធានាធិបតីទាំងបីរូប ដោយកាលថ្ងៃអង្គារ លោក មីន អ៊ុង ឡាំង, លោកស្រី Nan Ni Ni Aye និងលោក U Nyo Saw ត្រូវបានជ្រើសរើសជាអនុប្រធានាធិបតីរបស់ប្រទេសនេះ។ សភាសហភាពមីយ៉ាន់ម៉ាបានប្រកាសនៅថ្ងៃព្រហស្បតិ៍ថា អនុប្រធានាធិបតីទាំងបីរូបបានឆ្លងកាត់ការត្រួតពិនិត្យលក្ខណៈសម្បត្តិរបស់បេក្ខជនប្រធានាធិបតី ហើយនៅថ្ងៃសុក្រនេះលោក មីន អ៊ុង ឡាំង ជាប់ឆ្នោតជាប្រធានាធិបតីមីយ៉ាន់ម៉ាជាផ្លូវការ៕

Khcct banner

អត្ថបទទាក់ទង