សិង្ហបុរី៖ ភ្នាក់ងារជំងឺឆ្លង (CDA) ក្នុងប្រទេសសិង្ហបុរី កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានបញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺអុតស្វាទម្រង់ Clade Ib ចំនួន ២ ករណី ដែលជាប្រភេទមេរោគបំប្លែងថ្មី។ អ្នកជំងឺទាំងពីរនាក់គឺជាបុរស ដែលបច្ចុប្បន្នមានស្ថានភាពសុខភាពនឹងនរ និងមានរោគសញ្ញាស្រាលប៉ុណ្ណោះ ខណៈដែលមន្ត្រីសុខាភិបាលជឿជាក់ថា ការឆ្លងនេះទំនងជាកើតឡើងតាមរយៈសកម្មភាពផ្លូវភេទ។
ផ្អែកតាមការចេញផ្សាយដោយកាសែត THE NATION ជុំវិញករណីមេរោគបំប្លែងថ្មី Clade Ib នេះ អ្នកជំនាញសុខាភិបាលបានកត់សម្គាល់ថា វាមានសមត្ថភាពចម្លងរហ័សជាងទម្រង់ចាស់ ជាពិសេសតាមរយៈការប៉ះពាល់ជិតស្និទ្ធខ្លាំង។ រោគសញ្ញាដែលគួរឱ្យកត់សម្គាល់រួមមាន ការឡើងកម្តៅខ្លាំង ឈឺក្បាល ឈឺសាច់ដុំ ហើមកេសកូនកណ្តុរ និងមានចេញកន្ទួលពងបែកដែលវិវត្តទៅជាដំបៅនៅលើស្បែក។ អាជ្ញាធរសុខាភិបាលសិង្ហបុរី មិនទាន់មានការណែនាំឱ្យមានការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំដល់ប្រជាជនទូទៅនៅឡើយទេ ប៉ុន្តែបានជំរុញឱ្យអ្នកដែលមានហានិភ័យខ្ពស់មកទទួលការចាក់វ៉ាក់សាំងការពារ។
ភ្នាក់ងារជំងឺឆ្លង (CDA) របស់សិង្ហបុរី នៅតែបន្តអំពាវនាវឱ្យសាធារណជនកុំឱ្យមានការភ័យស្លន់ស្លោ ប៉ុន្តែត្រូវបង្កើនការប្រុងប្រយ័ត្នដោយរក្សាអនាម័យខ្លួនប្រាណ និងជៀសវាងការប៉ះពាល់ផ្ទាល់ជាមួយបុគ្គលដែលមានរោគសញ្ញាសង្ស័យ។ ប្រសិនបើមានការសង្ស័យថាបានប៉ះពាល់ជាមួយអ្នកជំងឺ ឬមានចេញរោគសញ្ញាមិនប្រក្រតី ប្រជាពលរដ្ឋគួរតែប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់ ដើម្បីទទួលបានការពិនិត្យ និងព្យាបាលទាន់ពេលវេលា។
គួរបញ្ជាក់ថា ជំងឺអុតស្វានេះ គឺជាជំងឺដែលឆ្លងពីសត្វមកមនុស្ស ហើយក៏អាចឆ្លងពីមនុស្សទៅមនុស្សផងដែរ តាមរយៈការប៉ះពាល់ផ្ទាល់ជាមួយដំបៅស្បែក ខ្យល់ដង្ហើម ឬវត្ថុប្រើប្រាស់ដែលប្រឡាក់មេរោគ៕