681 ezgif.com resize
Swift cc time

យោធាថៃបង្កើតលេសថ្មី ដើម្បី«រាយលួសបន្លាបន្ថែម»លើលួសចាស់នៅអូរស្មាច់

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ក្រុមយោធាថៃ នៅថ្ងៃទី ២ មេសាម្សិលមិញ បានធ្វើសកម្មភាពជាថ្មីឈ្លានពានដែនអធិបតេយ្យកម្ពុជា តាមរយៈចល័តរថពាសដែក ២គ្រឿង និង កម្លាំងប្រមាណ៧០នាក់ ចូលមកទីតាំងក្នុងភូមិសាស្រ្តច្រកព្រំដែនអន្តរជាតិអូរស្មាច់ និងបានរាយលួសបន្លាបន្ថែមលើលួសបន្លាចាស់ដែលភាគីថៃបានហ៊ុមព័ទ្ធកាន់កាប់យកដោយខុសច្បាប់។សកម្មភាពនេះ ក្រុមយោធាថៃ ប្រើប្រាស់លេសថា មានសកម្មភាពញុះញង់ពីភាគីកម្ពុជា។ 

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានប្រកាសប្រឆាំងការអះអាងរបស់យោធាថៃ  «មិនមែនជាការពិត និងគ្មានមូលដ្ឋាន» ហើយកងកម្លាំងកម្ពុជា តែងអនុវត្តភារកិច្ចដោយគោរពវិន័យយោធា បទបញ្ជារបស់ថ្នាក់ដឹកនាំ និង គោលការណ៍វិជ្ជាជីវៈយ៉ាងតឹងរឹង។

បើតាមក្រសួងការពារជាតិកម្ពុជា សកម្មភាពរបស់យោធាថៃនេះ គឺធ្វើឡើងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ទើបចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និង រាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦កន្លងទៅ។ចំពោះសកម្មភាពរបស់យោធាថៃ កាលពីម្សិលមិញនេះ គឺមិនមានការជូនដំណឹងជាមុនដល់ក្រុមទំនាក់ទំនងរបស់យោធភូមិភាគទី៤កម្ពុជាឡើយ ហើយភ្លាមៗ ក្រុមទំនាក់ទំនងរបស់យោធភូមិភាគទី៤កម្ពុជា បានធ្វើការទាក់ទងទៅកាន់កងទ័ពភូមិភាគទី២ថៃ ឱ្យធ្វើការបញ្ឈប់សកម្មភាពជាបន្ទាន់ និងអំពាវនាវឱ្យយោធាថៃត្រឡប់មកគោរពនូវរាល់កិច្ចព្រមព្រៀងដែលបានឯកភាពគ្នា។

ក្រសួងការពារជាតិកម្ពុជា បានប្រកាសជាថ្មីពីជំហររបស់ខ្លួន តែងតែប្រកាន់យ៉ាងម៉ឺងម៉ាត់ ច្បាស់លាស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញខ្ជាប់ខ្ជួន និង ប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ចំពោះសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និង កិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត និងបានជំរុញឱ្យភាគីថៃគោរពឱ្យបានខ្ជាប់ខ្ជួន ប្រកបដោយសុច្ឆន្ទៈ ភាពថ្លៃថ្នូរ និង ភាពស្មោះត្រង់ដូចកម្ពុជាដែរ៕

 

Khcct banner

អត្ថបទទាក់ទង