ភ្នំពេញ៖ សមាគមជប៉ុន-កម្ពុជា (JCA) បញ្ជាក់ពីការបន្តការវិនិយោគលើ វិស័យស្វាយចន្ទី ដែលជាផលិតផលយុទ្ធសាស្ត្ររបស់កម្ពុជា និងមានតម្រូវការកើនឡើងជាលំដាប់នៅទីផ្សារជប៉ុន។ ការបញ្ជាក់នេះ ត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងារជាមួយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នារសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦។
នាឱកាសនោះ លោក ស៊ុន ចាន់ថុល បានលើកឡើងអំពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃក្រុមការងារសហបង្កើតធុរកិច្ចកម្ពុជា-ជប៉ុន (Business Co-Creation Team) ដែលជាយន្តការថ្មីមួយដ៏មានប្រសិទ្ធភាពក្នុងការសម្របសម្រួល និងបង្កើតឱកាសធុរកិច្ចរួមគ្នារវាងវិនិយោគិននៃប្រទេសទាំងពីរ។
ជាមួយគ្នានោះ គណៈប្រតិភូជប៉ុន លើកឡើងអំពីជោគជ័យនៃគម្រោងវិនិយោគ កសិដ្ឋានចិញ្ចឹមត្រីទីឡាប់ព្យា ដែលបច្ចុប្បន្នកំពុងផ្គត់ផ្គង់ក្នុងផ្សារទំនើប AEON និងភោជនីយដ្ឋានល្បីៗ ហើយកំពុងសិក្សាលទ្ធភាពពង្រីកផលិតកម្មដើម្បីនាំចេញទៅទីផ្សារអន្តរជាតិ។
ជាការឆ្លើយតប លោក ស៊ុន ចាន់ថុល បានសម្តែងនូវការកោតសរសើរ និងលើកទឹកចិត្តឱ្យសមាគមពិនិត្យឱកាសវិនិយោគបន្ថែមលើ កសិដ្ឋានចិញ្ចឹមបង្គា និងមច្ឆជាតិផ្សេងៗទៀតដែលមានតម្រូវការទីផ្សារខ្ពស់។ បន្ថែមពីនេះ ភាគីជប៉ុនក៏បានបញ្ជាក់ពីការបន្តការវិនិយោគលើ វិស័យស្វាយចន្ទី ដែលជាផលិតផលយុទ្ធសាស្ត្ររបស់កម្ពុជា និងមានតម្រូវការកើនឡើងជាលំដាប់នៅទីផ្សារជប៉ុន។
ក្នុងគោលដៅបន្តសន្ទុះនៃការទាក់ទាញវិនិយោគ ថ្នាក់ដឹកនាំ ក.អ.ក. បានគូសបញ្ជាក់ពីផែនការរៀបចំ បេសកកម្មគោះទ្វារវិនិយោគនៅប្រទេសជប៉ុន នាពេលខាងមុខ ក៏ដូចជាការរៀបចំកម្មវិធីអាហារពេលព្រឹកធុរកិច្ច (Business Breakfast) ដើម្បីផ្តល់វេទិកាពិភាក្សាដោយផ្ទាល់ និងដោះស្រាយបញ្ហាប្រឈមផ្សេងៗជូនវិនិយោគិន។
ជាចុងក្រោយ លោក ស៊ុន ចាន់ថុល ក៏បានអះអាងសារជាថ្មីនូវការត្រៀមខ្លួនជាស្រេចរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការផ្តល់កិច្ចសម្របសម្រួល និងគាំទ្រគ្រប់បែបយ៉ាងដល់វិនិយោគិនជប៉ុន ដើម្បីប្រែក្លាយឱកាសវិនិយោគឱ្យទៅជាផ្លែផ្កាសេដ្ឋកិច្ចជាក់ស្តែង ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ៕