681 ezgif.com resize
Swift cc time

អ្នកជំនាញសម្លឹងឃើញពីឱកាសសម្រាប់ទាញអ្នកវិនិយោគលើ«ផលិតផលបរិក្ខារអគ្គិសនី»ក្រោយកម្ពុជាបញ្ចុះពន្ធនានា​

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា 

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការកែសម្រួលអត្រាពន្ធគយ និងអត្រាអាករនាំចេញ លើមុខទំនិញមួយចំនួន ដែលនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦តទៅ ក្នុងនោះបានសម្រេចបញ្ចុះពន្ធនាំចូលផលិតផលអគ្គិសនី និងឡានអគ្គិសនី ក៏ដូចជាឧបករណ៍អគ្គិសនីមួយចំនួនទៀត។វិធានការនេះ ត្រូវបានអ្នកជំនាញវិស័យពាណិជ្ជកម្ម ចាត់ទុកជាឱកាសសម្រាប់កម្ពុជា ដើម្បីទាក់ទាញអ្នកវិនិយោគ មកបណ្តាក់ទុនក្នុងប្រទេសកម្ពុជាលើ«ផលិតផលបរិក្ខារអគ្គិសនី» សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។

ក្នុងបទសម្ភាសន៍ជាមួយ ស៊ីស៊ីថាមស៍ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ក្នុងនាមជាវិស័យឯកជន បានសាទរចំពោះវិធានការខាងលើ ហើយលោកយល់ថា ជាឱកាសមួយសម្រាប់ទាក់ទាញអ្នកវិនិយោគ ជាពិសេស វិនិយោគិនក្រៅប្រទេស ដើម្បីធ្វើការវិនិយោគ ធ្វើការនាំចេញ«ផលិតផលបរិក្ខារអគ្គិសនី» ក៏ដូចជាការផ្គត់ផ្គង់នៅក្នុងស្រុក។បន្ថែមពីនេះ លោកថា វានឹងរួមចំណែកក្នុងការកាត់បន្ថយការនាំចូលប្រេង ដែលនឹងក្លាយជាផលប្រយោជន៍ធ្វើឱ្យបរិស្ថានល្អនៅកម្ពុជា ជាពិសេសនឹងធ្វើឱ្យថាមពលបៃតងនៅកម្ពុជាមានកំណើនខ្ពស់ អាចផ្គត់ផ្គង់ក្នុងស្រុក រហូតឈានដល់ការនាំចេញផលិតផលអគ្គិសនី។

បើតាមអ្នកឧកញ៉ា លឹម ហេង ការបញ្ចុះពន្ធនានារបស់រាជរដ្ឋាភិបាលកម្ពុជា ក៏នឹងជួយជម្រុញឱ្យមានការផលិត មិនថាសម្រាប់នាំចេញ ឬផ្គត់ផ្គង់ក្នុងស្រុកនោះទេ តែវានឹងជួយលើកតម្កើនផលិតផលក្នុងស្រុកឱ្យបានកាន់តែច្រើន ជាពិសេស ការទាក់ទាញវិនិយោគមកកាន់ប្រទេសកម្ពុជា ដើម្បីកែច្នៃក៏ដូចជាតម្លើងបរិក្ខារអគ្គិសនីមួយចំនួន ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក។

គួរបញ្ជាក់ថា មុខទំនិញត្រូវបានបញ្ចុះអត្រាពន្ធនាំចូលមានដូចជា៖ រថយន្តគ្រួសារប្រភេទ PHEV, ឧបករណ៍សាកអាគុយរថយន្តអគ្គិសនី ឆ្នាំងដាំបាយ អគ្គិសនី និងចង្កៀងសូឡា ម៉ូទ័រសម្រាប់យានយន្តអគ្គិសនី, ប្រព័ន្ធថាមពល សូឡា, អាគុយលីចូម, អាគុយយានយន្ត, អាគុយសូឡា និង ឧបករណ៍ផ្ទុកថាមពលដូចជា Power bank, Power station, ថ្មទូរសព្ទ ជាដើម), ចង្ក្រានកម្ដៅអគ្គិសនី, កំសៀវអគ្គិសនី, រថយន្តដឹកអ្នកដំណើរ និងដឹកទំនិញប្រភេទ HEV, PHEV និង EV ចំនួន ១៧៩ បន្ទាត់ពន្ធ៕

Khcct banner

អត្ថបទទាក់ទង