681 ezgif.com resize
Swift cc time

ប្រធានក្រុម AOT ប្តេជ្ញាបំពេញការងារលើភាពជាក់ស្តែងនៃព្រំដែនកម្ពុជា-ថៃ ដើម្បីរក្សាស្ថិរភាពតំបន់

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ប្រធានក្រុម (AOT) លោកវរសេនីយ៍ឯក MOHD FARID BIN MOHD YUSOP បានបញ្ជាក់ពីការប្តេជ្ញាចិត្តពេញទំហឹងនិងម៉ឺងម៉ាត់ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ក្នុងរយៈពេលជិត៧ខែមកនេះ ក្រុម (AOT) ដែលរួមមាន៖ ការតាមដានស្ថានភាពនៅទីតាំងជាក់ស្ដែង ការលើកកម្ពស់តម្លាភាព ការកសាងទំនុកចិត្តរវាងភាគីពាក់ព័ន្ធ និងគាំទ្រដល់កិច្ចខិតខំដើម្បីរក្សាស្ថិរភាព ទប់ស្កាត់ការកើនឡើងនូវភាពតានតឹង។

ការបញ្ជាក់នេះធ្វើឡើងក្នុងពិធីសំណេះសំណាល និងប្រគល់ប័ណ្ណសរសើរជូនក្រុមអ្នកសង្កេតការអាស៊ាន (AOT) ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦នេះ។

លោកវរសេនីយ៍ឯក បានគូសបញ្ជាក់ថា ទោះបីបេសកកម្មជួបប្រទះបញ្ហាប្រឈមខ្លះៗ រួមមាន៖ កម្រិតនៃប្រតិបត្តិការ ភាពស្មុគស្មាញនៃការសម្របសម្រួល និងភាពរសើបនៃបរិយាកាសសន្តិសុខក្តី ក៏ក្រុម (AOT) តែងរក្សាបាននៅបទដ្ឋានវិជ្ជាជីវៈខ្ពស់បំផុត ភាពយុត្តិធម៌ និងសុចរិតភាព តាមរយៈការតស៊ូ និងកិច្ចសហការប្រកបដោយការទទួលខុសត្រូវ។

លោកប្រធានក្រុម (AOT) បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់ការគាំទ្រយ៉ាងមុតមាំ និងការប្ដេជ្ញាចិត្តខ្ពស់ក្នុងអំឡុងពេលនៃការបំពេញបេសកកម្ម ដោយបានជួយជ្រោមជ្រែងរៀបចំផ្នែកសន្តិសុខ និងការសម្របសម្រួល ធ្វើឱ្យក្រុម (AOT) អាចអនុវត្តការងារបានយ៉ាងមានប្រសិទ្ធភាព សុវត្ថិភាព និងបរិយាកាសល្អប្រសើរ។

ក្នុងមតិសំណេះសំណាល លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណដល់បណ្ដាប្រទេសជាសមាជិកអាស៊ាន ជាពិសេស រាជរដ្ឋាភិបាល និងកងទ័ពម៉ាឡេស៊ី ដែលបានគាំទ្រការអនុវត្តឈប់បាញ់រវាងកម្ពុជា-ថៃ និងបានបញ្ជូននាយទាហានមកចូលរួមក្នុងបេសកកម្មសង្កេតការណ៍នៅកម្ពុជា ក្នុងនាមជាគ្រួសារអាស៊ាន។

លោកនាយឧត្តមសេនីយ៍ បានចាត់ទុកការគាំទ្ររបស់បណ្ដាប្រទេសជាសមាជិកអាស៊ាន គឺបានបង្ហាញអំពីសាមគ្គីភាព ឯកភាព និងការផ្ដាច់ញាចិត្តរបស់អាស៊ាន ក្នុងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ ស្របពេលដែលសភាពការណ៍ពិភពលោកស្ថិតក្នុងភាពតានតឹង និងស្មុគស្វាញគួរឱ្យព្រួយបារម្ភ។

លោកនាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា ការបង្កើតក្រុម (AOT) មិនមែនកើតឡើងដោយចៃដន្យនោះឡើយ ហើយបេសកកម្មរបស់ក្រុម (AOT) នេះ នឹងត្រូវបានចារទុកក្នុងប្រវត្តិសាស្ត្រអាស៊ានដែលបានចូលរួមដោះស្រាយបញ្ហាជម្លោះប្រដាប់អាវុធរវាងសមាជិកអាស៊ានខ្លួនឯង។

លោកបានកោតសរសើរដោយស្មោះចំពោះក្រុម (AOT) ប្រចាំកម្ពុជា ដែលបានខិតខំដោយមិនរុញរា និងលះបង់គ្រប់កាលៈទេសៈ បើទោះបីបេសកកម្មតម្រូវឲ្យទៅសង្កេតការណ៍យប់ព្រលប់ ត្រួតពិនិត្យកាកែសម្រួលសភាវុធក្រោមកម្ដៅថ្ងៃនិងភ្លៀង និងពេលខ្លះក្រោមសម្ពាធនៃការគំរាមកំហែងដោយស្នូរកាំភ្លើងពីភាគីម្ខាងទៀតក៏ដោយ។

«ក្នុងនាមជាប្រទេសសមាជិកអាស៊ាន យើងគួរថែរក្សាឲ្យបាននូវសាមគ្គីភាព ឯកភាព និងមជ្ឈភាពអាស៊ាន ដើម្បីរួមគ្នាពោះទៅរកសន្តិភាព វិបុលភាព និងការអភិវឌ្ឍន៍។ កម្ពុជាបន្តរក្សាចំហរ និងប្ដេជ្ញាចិត្តការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ»។ នេះជាការគូសបញ្ជាក់របស់ នាយឧត្តមសេនីយ៍ វង្ស ពិសេន។

នៅចុងបញ្ចប់ លោកអគ្គមេបញ្ជាការ ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលហ្វីលីពីន ដែលជាប្រធានអាស៊ានប្តូរវេនក្នុងឆ្នាំ២០២៦នេះ ដោយសង្ឃឹមថា ហ្វីលីពីននឹងបន្តដឹកនាំក្រុម (AOT) ក្នុងការចូលរួមសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមដែលកើតមានឡើងតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ឱ្យវិលត្រឡប់ទៅកាន់ប្រក្រតីភាពឡើងវិញ៕


Khcct banner

អត្ថបទទាក់ទង