បាងកក៖ នៅព្រឹកថ្ងៃទី២ ខែមេសានេះ ក្រុមសម្ព័ន្ធសហជីពពលកម្មថៃ រួមជាមួយសហព័ន្ធសហជីពរដ្ឋវិសហគ្រាស និងតំណាងគណបក្សនយោបាយ បានប្រមូលផ្តុំគ្នាយ៉ាងច្រើនកុះករនៅមុខក្រសួងថាមពលថៃ ដើម្បីសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះការឡើងថ្លៃប្រេង និងតម្លៃអគ្គិសនីដែលកំពុងញាំញីជីវភាពរស់នៅរបស់ពលរដ្ឋថៃ។
រាយការណ៍ដោយកាសែតខាវស៊ត ក្រុមបាតុករបានដាក់ញត្តិទាមទារឱ្យរដ្ឋាភិបាលថៃចាត់វិធានការភ្លាមៗចំនួន ៧ ចំណុចសំខាន់ៗ រួមមានការកំណត់តម្លៃប្រេងម៉ាស៊ូតមិនឱ្យលើសពី ៣០ បាត (ប្រហែល ៣,៦០០ រៀល) ក្នុងមួយលីត្រ ការបញ្ឈប់ការនាំចេញប្រេងទៅក្រៅប្រទេសក្នុងគ្រាអាសន្ន និងការទាមទារឱ្យយកក្រុមហ៊ុនប្រេងជាតិ PTT មកស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋវិញ ដើម្បីធានានូវយុត្តិធម៌តម្លៃថាមពល។
បន្ទាប់ពីការដាក់ញត្តិនៅក្រសួងថាមពល ក្រុមបាតុករបានបន្តដង្ហែរក្បួនឆ្ពោះទៅកាន់វិមានរដ្ឋាភិបាលថៃ ដើម្បីជំរុញឱ្យនាយករដ្ឋមន្ត្រីថៃ លោក អនុទីន (Anutin Charnvirakul) ប្រើប្រាស់អំណាចពិសេសក្នុងការត្រួតពិនិត្យតម្លៃទំនិញប្រើប្រាស់ និងលុបចោលកិច្ចសន្យាទិញអគ្គិសនីថ្លៃៗពីក្រុមហ៊ុនឯកជន ដែលកំពុងក្លាយជាបន្ទុកយ៉ាងធ្ងន់ធ្ងរសម្រាប់ជាតិ និងប្រជាជននៅទូទាំងប្រទេស។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ នេះ តម្លៃប្រេងធម្មតានៅក្នុងប្រទេសថៃបានហក់ឡើងខ្ពស់គួរឱ្យកត់សម្គាល់ ដោយប្រេងសាំងស៊ុលភើ (Gasoline) មានតម្លៃប្រហែល ៤៨.៥០(ប្រហែល៥៩០០រៀល) ទៅ ៥០.២០(ប្រហែល៦១០០រៀល) បាត ក្នុងមួយលីត្រ ខណៈដែលប្រេងម៉ាស៊ូត (Diesel) ដែលជាគោលដៅចម្បងនៃការតវ៉ា បានឡើងថ្លៃហួសពីកម្រិតកំណត់ ៣០ បាត ដែលរដ្ឋាភិបាលលោកអនុទីនធ្លាប់បានសន្យាពីមុនមក៕