ព្រះសីហនុ៖ នាវាទេសចរណ៍ឈ្មោះ SEVEN SEA MARINER សញ្ជាតិ BAHAMAS បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ(ក.ស.ស.)ដោយជោគជ័យ នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦។ នាវាទេសចរណ៍នេះ ដឹកភ្ញៀវទេសចរជាង៦០០នាក់ ដើម្បីមកទស្សនាប្រទេសកម្ពុជារយៈពេល២ថ្ងៃ។ នេះបើតាមសេចក្តីជូនដំណឹងរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។
បើតាមសេចក្ដីជូនដំណឹង នាវាទេសចរណ៍នេះមានប្រវែងបណ្តោយ ២១៦,៩៣ ម៉ែត្រ ប្រវែងទទឹង ២៨,៨០ ម៉ែត្រ ជម្រៅ ៧ ម៉ែត្រ បានចូលចតនៅ ក.ស.ស. ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ២ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសវៀតណាម។
នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៤៦៤ នាក់ (ស្រី ១០៨ នាក់) មាន ៣៦ សញ្ជាតិ។ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ៦០៩ នាក់ (ស្រី ៣២៣ នាក់) មាន ២៧ សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាម៉េរិក (៤០០នាក់) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសថៃ នៅវេលាម៉ោង ១៧:០០ នាទី នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦៕