សៀមរាប៖ ក្រុមអ្នកស្រាវជ្រាវអាជ្ញាធរជាតិអប្សរា កំពុងស្រាវជ្រាវឡដុតកុលាលភាជន៍នៅគោកព្នៅ ដើម្បីសិក្សាស្វែងយល់ពីការលើកទួល និងកន្លែងស្មូនចោលអំបែងភាជន៍ និងសំណល់ឡ។ អ្នកស្រាវជ្រាវ បានសន្និដ្ឋានជាបឋមបានថា ឡត្រពាំងថ្មអណ្តែត និងឡដែលទើបរកឃើញនេះ អាចចាប់ដំណើរការផលិតចាប់ពីសតវត្សរ៍ទី៩ ទៅដល់សតវត្សរ៍ទី១២។
លោក ឆាយ រចនា ប្រធានការិយាល័យនៃនាយកដ្ឋានស្រាវជ្រាវ បានបង្ហាញពីលទ្ធផលស្រាវជ្រាវដែលទទួលបានក្នុងពេលថ្មីៗនេះថា ក្រុមស្រាវជ្រាវបានរកឃើញស្លាកស្នាមឡក្នុងដំណាក់កាលដំបូង គឺរចនាសម្ពន្ធឡទាំងមូលធ្វើដីឥដ្ឋ។ ចំណែករចនាសម្ពន្ធឡចុងក្រោយដូចដែលើងបានឃើញនេះ គឺធ្វើពីឥដ្ឋដុត ហើយឡដែលទើបបានរកឃើញថ្មីនេះទំនងជារចនាសម្ពន្ធឡចុងក្រោយ មុនពេលដែលសហគមន៍ស្មូនបានបោះបង់ចោល។
លោក ពិទូ ភិរម្យ បុរាណវិទូ ឱ្យដឹងថា កាសាងសង់ឡនៅទួលនេះ មានការវិវត្តខុសប្លែកពីឡផ្សេងៗ ដោយសាររចនាសម្ពន្ធឡនេះមានកម្រាល និងជញ្ជាំងធ្វើពីឥដ្ឋ។ តាមរយៈស្លាកស្នាមដែលនៅសេសសល់ យើងអាសន្និដ្ឋានបានថា ឡមានទំហំប្រមាណ១.៨០ម៉ែត្រ ហើយអាចមានកម្ពស់ប្រវែង១.៨០ម៉ែត្រទៅ២ម៉ែត្រ និងមានបំពង់ផ្សែងនៅលើដំបូល។ លោក ភិរម្យ បានបញ្ជាក់បន្ថែមទៀតថា រចនាសម្ពន្ធឡគឺជញ្ជាំងធ្វើពីដីឥដ្ឋដុត មានរន្ធខ្យល់តាមទិសចំនួន៤ មានគុកដុតភ្លើងចំនួន៤នៅតាមជ្រុង។ ផ្នែកកណ្តាលនៃតួឡមានជើងទម្ររាងជើងក្អែក និងគុកដុតដាក់ភាជន៍។ ក្រុមអ្នកស្រាវជ្រាវបានយកសំណាកធ្យូង និងបំណែកកុលាលភាជន៍មួយចំនួនចេញពីឡនេះសម្រាប់វិភាគស្វែងរកអាយុកាល។
លោក ញឹម ស៊ីដេត បុរាណវិទូ បានបង្ហាញថា ស្រទាប់ដីនីមួយៗក្នុងរណ្តៅកំណាយនៅក្បែរបរិវេណតួឡ គឺមានអំបែងភាជន៍ជាច្រើនប្រភេទ។ អំបែងភាជន៍ទាំងនោះមានជាភាជន៍ប្រើប្រចាំថ្ងៃ ដូចជា អំបែងឆ្នាំងដី ក្អម ផើង ខ្លះជាប្រភេទភាជន៍រឹង មានដូចជា ចាន ក្រឡ ហើយគ្មានស្រទាប់រលោង។
ចំពោះកាលបរិច្ឆេទនៃឡនេះ ក្រុមអ្នកស្រាវជ្រាវពុំទាន់អាចកំណត់បាននៅឡើយទេ។ ប៉ុន្តែ បើយើងប្រៀបធៀបជាមួយលទ្ធផលដែលទទួលបានពីការវិភាគលើសំណាកធ្យូងដែលយកពីស្រទាប់ដីដែលនៅសល់រចនាសម្ពន្ធឡដុតភាជន៍ខ្លះៗពីរណ្តៅកំណាយមួយចំនួនដែលបានធ្វើដោយគម្រោង Greater Angkor Project នៅឆ្នាំ២០១១ បានបង្ហាញថា ស្រទាប់ដីនោះ មានអាយុកាលចាប់ពីសតវត្សរ៍ទី៩ ទៅដល់សតវត្សរ៍ទី១២។ ដូច្នេះ យើងអាចសន្និដ្ឋានជាបឋមបានថា ឡត្រពាំងថ្មអណ្តែត និងឡដែលទើបរកឃើញនេះ អាចចាប់ដំណើរការផលិតចាប់ពីសតវត្សរ៍ទី៩ ទៅដល់សតវត្សរ៍ទី១២។
គួរបញ្ជាក់ថា គោកព្នៅ ជាបណ្តុំទួលមនុស្សរស់នៅ ដែលស្ថិតនៅភាគអាគ្នេយ៍ស្រះស្រង់ និងខាងនិរតីនៃប្រាសាទប្រែរូប ប្រហែល៥០០ម៉ែត្រ។ នៅតាមទួលមួយចំនួននៅគោកព្នៅ មានអំបែងភាជន៍ ដុំដីដុត និងដុំឥដ្ឋដុតនៅរាយប៉ាយពីលើជាច្រើន។ តាមរយៈការសិក្សាពីអំបែងភាជន៍ទាំងនោះបានបង្ហាញថា មានខ្លះជាភាជន៍ប្រើប្រចាំថ្ងៃមានដូចជា ឆ្នាំងដី ក្អម ផើង។ល។ ខ្លះជាប្រភេទភាជន៍រឹង មានដូចជា ចាន ក្រឡ ដែលគ្មានស្រទាប់រលោង និងខ្លះមានស្រទាប់រលោង៕