វ៉ាស៊ីនតោន៖ អគ្គលេខាធិការអង្គការ NATO លោក Mark Rutte នឹងធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន នៅសប្តាហ៍ក្រោយ សម្រាប់អ្វីដែលអ្នកនាំពាក្យសម្ព័ន្ធមិត្តយោធាហៅថាជា «ទស្សនកិច្ចដែលបានគ្រោងទុកជាយូរមកហើយ»។ ដំណើរទស្សនកិច្ចនេះ កើតឡើង ស្របពេលដែលភាពតានតឹងកំពុងកើនឡើង បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានរិះគន់យ៉ាងធ្ងន់ៗទៅលើសម្ព័ន្ធមិត្តអឺរ៉ុប ពាក់ព័ន្ធនឹងការខ្វែងគំនិតគ្នាលើបញ្ហាសង្គ្រាមនៅប្រទេសអ៊ីរ៉ង់។នេះបើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
អ្នកនាំពាក្យអង្គការ NATO លោកស្រី Allison Hart បានបញ្ជាក់ថា «ខ្ញុំអាចបញ្ជាក់បានថា អគ្គលេខាធិការនឹងមានវត្តមាននៅទីក្រុងវ៉ាស៊ីនតោន (DC) នៅសប្តាហ៍ក្រោយ សម្រាប់ទស្សនកិច្ចដែលបានរៀបចំទុកជាមុន»។ ទន្ទឹមនឹងនេះ មន្ត្រីសេតវិមានក៏បានបញ្ជាក់ពីគម្រោងទស្សនកិច្ចនេះផងដែរ។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធម្សិលមិញ លោក ត្រាំ បានព្រមានចំៗទៅកាន់សម្ព័ន្ធមិត្ត NATO ឱ្យបង្ហាញ «ភាពក្លាហាន» ក្នុងការចូលរួមដោះស្រាយវិបត្តិនៅអ៊ីរ៉ង់ ជាពិសេសការបើកច្រកសមុទ្រ Hormuz ឡើងវិញ។ លោកបានបញ្ជាក់យ៉ាងដាច់អហង្ការថា ប្រសិនបើសម្ព័ន្ធមិត្តនៅតែបន្តព្រងើយកន្តើយ លោកនឹងសម្រេចចិត្តដកសហរដ្ឋអាម៉េរិកចេញពីអង្គការយោធាដ៏ធំមួយនេះតែម្តង៕