សេតវិមាន៖ នៅក្នុងសេចក្តីថ្លែងការណ៍ពិសេសទៅកាន់ពលរដ្ឋអាម៉េរិកកាលពីថ្ងៃពុធ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសថា កងទ័ពអាម៉េរិកនឹងបង្កើនការវាយប្រហារយ៉ាងខ្លាំងក្លាបំផុតលើប្រទេសអ៊ីរ៉ង់ក្នុងរយៈពេល ២ ទៅ ៣ សប្តាហ៍ខាងមុខ ដើម្បីបញ្ចប់គោលដៅយុទ្ធសាស្ត្រនៃសង្គ្រាមដែលបានអូសបន្លាយអស់រយៈពេល ៣២ ថ្ងៃមកនេះ។
តាមសេចក្ដីរាយការណ៍របស់កាសែតរ៉យទ័រ លោក ត្រាំ បានសង្កត់ធ្ងន់ថា កងទ័ពអាម៉េរិកសម្រេចបានជ័យជម្នះយ៉ាងធំធេងលើសមរភូមិ ដែលធ្វើឱ្យអ៊ីរ៉ង់លែងជាការគំរាមកំហែងដល់សន្តិសុខទៀតហើយ។ លោកបានព្រមានយ៉ាងដាច់អហង្ការថានឹងវាយបកឱ្យប្រទេសនេះវិលទៅរក «យុគសម័យថ្ម» វិញ ប្រសិនបើមិនមានកិច្ចព្រមព្រៀងណាមួយកើតឡើងក្នុងពេលឆាប់ៗនេះទេ។
ការប្រកាសនេះបានធ្វើឱ្យទីផ្សារហិរញ្ញវត្ថុមានការរង្គោះរង្គើ ដោយតម្លៃប្រេងបានហក់ឡើងខ្ពស់ភ្លាមៗ ខណៈដែលច្រកសមុទ្រ Hormuz នៅតែបន្តត្រូវបានបិទ ដែលប៉ះពាល់ដល់ការដឹកជញ្ជូនប្រេង ១ ភាគ ៥ នៃពិភពលោក។
លោក ត្រាំ ក៏បានបង្ហើបពីលទ្ធភាពដែលសហរដ្ឋអាម៉េរិកដកខ្លួនចេញពីអង្គការ NATO ប្រសិនបើសម្ព័ន្ធមិត្តអឺរ៉ុបមិនជួយអន្តរាគមន៍បើកច្រកសមុទ្រនេះឡើងវិញ។ លោកបានជំរុញឱ្យប្រទេសទាំងនោះ «មានភាពក្លាហាន» ចូលទៅគ្រប់គ្រងច្រកសមុទ្រនោះដោយផ្ទាល់ ព្រោះកងទ័ពអ៊ីរ៉ង់ត្រូវបានកម្ទេចស្ទើរទាំងស្រុងទៅហើយ។
បើទោះបីជាមានការបង្ហើបពីការចរចាជាមួយមេដឹកនាំអ៊ីរ៉ង់កម្រិតមធ្យម តាមរយៈការសម្រុះសម្រួលពីសំណាក់ប្រទេសប៉ាគីស្ថានក៏ដោយ ភាគីអ៊ីរ៉ង់ បានបដិសេធការសុំបទឈប់បាញ់ និងទាមទារឱ្យមានការធានាច្បាស់លាស់ជាមុនសិន។
ស្របពេលជាមួយគ្នានេះ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗដូចជា IMF និង ធនាគារពិភពលោក បានចេញមុខព្រមានថា សង្គ្រាមនេះកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ និងមិនស្មើភាពដល់សេដ្ឋកិច្ចសកលលោក ដែលទាមទារឱ្យមានការសម្របសម្រួលជួយសង្គ្រោះជាបន្ទាន់ដល់ប្រទេសដែលរងគ្រោះខ្លាំងជាងគេ៕