បាត់ដំបង៖ កំពូលតារាហូលីវូដល្បីរបស់អាម៉េរិក លោកស្រី Angelina Jolie នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះ បានធ្វើដំណើរទស្សនកិច្ចមកកាន់វិទ្យាល័យសំឡូត ខេត្តបាត់ដំបង ក្នុងគោលបំណងស្វែងយល់ពីការសិក្សារបស់សិស្ស និងវឌ្ឍនភាពនៃការស្នាក់នៅអន្តេវាសិកដ្ឋាន។ស្រុកសំឡូតនេះហើយដែលតារាហូលីវូដល្បីរបស់អាម៉េរិករូបនេះ ធ្លាប់បានអះអាងថា ចង់មករស់នៅក្នុងជីវិតភាពស្ងប់ស្ងាត់។
តារាហូលីវូដ Angelina Jolie បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាដោយស្ងាត់ៗ ហើយនៅថ្ងៃទី១ មេសា លោកស្រី បានទៅទស្សនកិច្ចវិទ្យាល័យសំឡូត ក្នុងគោលបំណងស្វែងយល់ពីការសិក្សារបស់សិស្ស និង វឌ្ឍនភាពនៃការស្នាក់នៅអន្តេវាសិកដ្ឋាននៅទីនោះ។វត្តមានលោកស្រី លើទឹកដីសំឡូតនៃប្រទេសកម្ពុជា ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាច្រើននាក់ អមជាមួយបាច់ផ្កាកុលាបក្រហម ១បាច់។
តាមរយៈរូបភាពដែលបញ្ចេញដោយក្រសួងអប់រំកម្ពុជា តារាហូលីវូដស្ត្រីវ័យប្រហែលជាង៥០ឆ្នាំរូបនេះ បានសម្តែងសេចក្តីរំភើបរីករាយ និងបានចូលរួមសកម្មភាពនានាជាមួយសិស្សានុសិស្សវិទ្យាល័យសំឡូតដោយបានថតរូបជុំគ្នា ជាមួយស្នាមញញឹមគួរជាទីកក់ក្តៅ។
សូមជម្រាបថា តារាហូលីវូដ Angelina Jolie ទទួលបានសញ្ជាតិខ្មែរកាលពីឆ្នាំ២០០៥ និងបានទិញផ្ទះក្នុងស្រុកសំឡូតខេត្តបាត់ដំបង គ្របដណ្តប់លើផ្ទៃដីទំហំ ១៥០.០០០ ម៉ែត្រការ៉េ។ កាលពីឆ្នាំ២០០២ លោកស្រី ក៏បានទទួលយកកូនខ្មែរម្នាក់មានឈ្មោះថា Maddox ទៅចិញ្ចឹម តាំងពីកុមាររូបនោះមានវ័យ៧ខែ ពីមជ្ឈមណ្ឌលកុមារកំព្រា។
ក្នុងបទសម្ភាសជាមួយកាសែតអាម៉េរិក The Wall Street Journal (WSJ)កាលពីឆ្នាំ២០២៣ លោកស្រី Angelina Jolie ធ្លាប់បានបង្ហើបពីគម្រោងចាកចេញពីជីវិតដ៏ធុញថប់ នៃតំបន់ហូលីវូដ ក្រុង Los Angeles មករស់នៅដ៏សុខស្ងប់ នៅគេហដ្ឋានរបស់ខ្លួន ដែលស្ថិតនៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង នៃប្រទេសកម្ពុជា៕