ភ្នំពេញ៖ កម្ពុជា-អាល្លឺម៉ង់ នាថ្ងៃទី១ មេសា បានពិភាក្សាស្វែងរកឱកាសបង្កើតគំនិតផ្តួចផ្តើមដែលគាំទ្រដល់ការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ដែលរួមមានទាំងសិក្ខាកាម ដែលអាចមានឱកាសទៅធ្វើកម្មសិក្សា និងកម្មសិក្សាឆ្លាស់នៅអាល្លឺម៉ង់។
នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្ដែងការគួរសមជាមួយលោក Christoph Weigelmeier ភារធារីស្តីទីនៃស្ថានទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា និងលោកបណ្ឌិត Christoph Hoffmann អតីតសមាជិកសភាអាល្លឺម៉ង់ ដើម្បីពិភាក្សាស្វែងរកឱកាសបង្កើតគំនិតផ្តួចផ្តើមដែលគាំទ្រដល់ការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ដែលរួមមានទាំងសិក្ខាកាម ដែលអាចមានឱកាសទៅធ្វើកម្មសិក្សា និងកម្មសិក្សាឆ្លាស់នៅអាល្លឺម៉ង់។
ក្នុងជំនួបនេះ ភាគីអាល្លឺម៉ង់បានលើកឡើងពីគំនិតផ្តួចផ្តើម បង្កើតកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ និងការបញ្ជូនកម្មសិក្សាការី ដោយបានសង្កត់ធ្ងន់ថា យន្តការនេះត្រូវផ្អែកលើគោលការណ៍ «ឈ្នះ-ឈ្នះ» ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ទាំងសម្រាប់ប្រទេសបញ្ជូន និងប្រទេសទទួល។
ជាការឆ្លើយតប លោករដ្ឋមន្ត្រីបានចាត់ទុកគំនិតផ្តួចផ្តើមនេះថាជា «ដំណឹងដ៏ល្អ និងចំពេលជាក់ស្តែងបំផុត»។ លោកបានបញ្ជាក់ពីជំហរត្រៀមខ្លួនរួចជាស្រេចរបស់ក្រសួង ក្នុងការសហការជាមួយសាលាវិជ្ជាជីវៈអាល្លឺម៉ង់ ដើម្បីជ្រើសរើសគ្រឹះស្ថានសិក្សាសមស្របនៅកម្ពុជា ក្នុងគោលដៅបង្កើតភាពជាដៃគូ និងគាំទ្រដល់ដំណើរការជ្រើសរើសសិក្ខាកាមឱ្យមានតម្លាភាព៕