ភ្នំពេញ៖ ថ្មីៗនេះ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាសស្តីពីការផ្តល់សាច់ប្រាក់ចាំបាច់ ឬហៅថាសន្ទនីយភាពចាំបាច់ ចំពោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថទទួលប្រាក់បញ្ញើ។ ចំពោះការប្រកាសនេះ ត្រូវបានអ្នកនាំពាក្យសមាគមធនាគារនៅកម្ពុជាសាទរ និងបញ្ជាក់ថាវិស័យធនាគារនៅតែបន្តមានភាពរឹងមាំ មាននិរន្តរភាព និងបន្តរីកចម្រើនទាំងអ្នកខ្ចីប្រាក់ និងអ្នកសន្សំប្រាក់ ជាពិសេសក្នុងរយៈពេលជាង៣០ឆ្នាំមកនេះ វិស័យធនាគារទទួលបានការគាំទ្រ និងជំនឿទុកចិត្តពីសំណាក់សាធារណជន។ នេះជាការលើកឡើងរបស់លោក សុខ ចាន់ អ្នកនាំពាក្យសមាគមធនាគារនៅកម្ពុជា មកកាន់ស៊ីស៊ីថាមស៍នៅថ្ងៃនេះ។
លោក សុខ ចាន់ បានលើកឡើងថា សមាគមធនាគារគាំទ្រចំពោះយន្តការដែលបានដាក់ចេញដោយធនាគារជាតិនៃកម្ពុជា។ លោកបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា តែងតែផ្តល់វិធានការជាបន្តបន្ទាប់ក្នុងការគាំទ្រដល់វិស័យធនាគារ តាមរយៈបទប្បញ្ញត្តិ ឧបករណ៍ហិរញ្ញវត្ថុ ក៏ដូចជាគោលនយោបាយរូបិយវត្ថុនានា ដើម្បីធានានូវភាពរឹងមាំ និងស្ថិរភាពរបស់វិស័យធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងផ្តល់ជំនឿទុកចិត្តពីសាធារណជនមកលើវិស័យធនាគារ និងហិរញ្ញវត្ថុ។
អ្នកនាំពាក្យរូបនេះបញ្ជាក់ថា វិស័យធនាគារនៅតែបន្តមានភាពរឹងមាំ មាននិរន្តរភាព និងបន្តរីកចម្រើនទាំងអ្នកខ្ចីប្រាក់ និងអ្នកសន្សំប្រាក់ ជាពិសេសក្នុងរយៈពេលជាង៣០ឆ្នាំមកនេះ វិស័យធនាគារទទួលបានការគាំទ្រ និងជំនឿទុកចិត្តពីសំណាក់សាធារណជន។ ជំនឿទុកចិត្តនេះ ឆ្លុះបញ្ចាំងពីចំនួនប្រាក់បញ្ញើរបស់សាធារណជនក្នុងប្រព័ន្ធធនាគារបានកើនឡើងជាង១៤% ឬប្រមាណជាង៦៥ប៊ីលានដុល្លារអាម៉េរិកគិតត្រឹមដំណាច់ឆ្នាំ២០២៥នេះ។ ពីមុនប្រជាជនមិនចង់ដាក់លុយក្នុងធនាគារនោះទេ ប៉ុន្តែឥលូវប្រជាជនខ្មែរភាគច្រើនដាក់បញ្ញើនៅធនាគារ និងមានគណនីធនាគារផងដែរ។
ទោះជាយ៉ាងនេះក្តីបញ្ហាអាចកើតមានឡើងប្រសិនជាមានការសម្រុកដកប្រាក់សន្សំពីអតិថិជនដាក់ប្រាក់បញ្ញើមានកាលកំណត់ភ្លាមៗក្នុងពេលតែមួយ ការណ៍នេះអាចធ្វើឱ្យប៉ះពាល់ដល់លំហូរសាច់ប្រាក់របស់ធនាគារ ពីព្រោះថាគ្រឹះស្ថានធនាគារ គឺជាអន្តរការីហិរញ្ញវត្ថុ ដែលជាអ្នកបំប្លែងសាច់ប្រាក់សន្សំរបស់អតិថិជន ដើម្បីផ្តល់ជាប្រាក់កម្ចីដល់ឱ្យអ្នកត្រូវការសាច់ប្រាក់ឬឥណទានដើម្បីយកទៅប្រើប្រាស់ក្នុងសកម្មភាពសេដ្ឋកិច្ច ដូចជា ប្រកបរបរទទួលទាន លក់រាយ លក់ដុំ ទិញគេហដ្ឋាន បើកអាជីវកម្មផ្សេងៗជាដើម ដែលឥណទានទាំងអស់នោះមានរយៈខ្លី មធ្យម និងពេលវែង អាចដល់៥-១០ឆ្នាំ។
«ក្នុងករណីខាងលើនេះ ប្រសិនជាអតិថិជនដាក់ប្រាក់បញ្ញើមានកាលកំណត់មកដកប្រាក់សន្សំរបស់គាត់ភ្លាមៗក្នុងពេលតែមួយ នោះវានឹងប៉ះពាល់ដល់សន្ទនីយភាពរបស់គ្រឹះស្ថាន ដែលការណ៍នេះយើងមិនលើកទឹកចិត្តឱ្យធ្វើដូច្នោះទេ។ ប៉ុន្តែមិនមានន័យថា យើងហាមគាត់មិនឱ្យដកប្រាក់របស់គាត់នោះទេ។ គ្រប់ធនាគារទាំងអស់គឺអនុវត្តយ៉ាងខ្ជាប់ខ្ជួន និងអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា។» នេះជាការលើកឡើងរបស់លោក សុខ ចាន់។
លោកបន្ថែមថា ហេតុដូច្នេះការផ្តល់សាច់ប្រាក់ចាំបាច់ ឬហៅថាសន្ទនីយភាពចាំបាច់ ចំពោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថទទួលប្រាក់បញ្ញើពីធនាគារជាតិនៃកម្ពុជាគឺជាការចូលរួមគាំទ្រដល់ភាពរឹងមាំរបស់ប្រព័ន្ធធនាគារ និងទំនុកចិត្តសារធាណជន។
គួរបញ្ជាក់ថា ធនាគារជាតិ នៃកម្ពុជា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ បានចេញនូវសេចក្តីប្រកាស ស្តីពីការផ្តល់សាច់ប្រាក់ចាំបាច់ ឬហៅថាសន្ទនីយភាពចាំបាច់ ចំពោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថទទួលប្រាក់បញ្ញើ។ ការប្រកាសនេះ ធ្វើឡើងក្នុងគោលបំណងបង្កើតក្របខ័ណ្ឌក្នុងការផ្តល់សាច់ប្រាក់ចាំបាច់ ជាជម្រើសចុងក្រោយ ចំពោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថទទួលប្រាក់បញ្ញើ ក្នុងគោលដៅទប់ស្កាត់ហានិភ័យជាប្រព័ន្ធ និង រក្សាស្ថិរភាពហិរញ្ញវត្ថុ៕