ថៃ៖ កម្លាំងសមត្ថកិច្ចនៅភាគខាងជើងប្រទេសថៃ បានធ្វើការឃាត់ខ្លួនបុរសម្នាក់អាយុ ៣៩ ឆ្នាំ ពាក់ព័ន្ធនឹងករណីអំពើចោរកម្មជាបន្តបន្ទាប់ ដោយកំណត់គោលដៅលើលំនៅឋានរបស់ជនបរទេស ក្នុងទំហំទឹកប្រាក់ខាតបង់សរុបជាង ៥០,០០០ បាត(ជិត១៥០០ដូល្លារ)។
តាមការរាយការណ៍ពីកាសែតខាវស៊ត ជនសង្ស័យត្រូវបានកំណត់អត្តសញ្ញាណឈ្មោះ Sitthi មកពីស្រុក Mae Taeng ត្រូវបានចាប់ខ្លួនដោយមន្ត្រីនគរបាលស្ថានីយ Phu Phing Ratchaniwet ខេត្តឈៀងម៉ៃ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន សាច់ប្រាក់ប្រមាណ ៥០,០០០ បាត, រូបិយបណ្ណបរទេស, ទូរស័ព្ទដៃ, សម្លៀកបំពាក់ដែលប្រើប្រាស់ក្នុងសកម្មភាពលួច និងម៉ូតូមួយគ្រឿងដែលជាមធ្យោបាយធ្វើដំណើរ។
តាមការស៊ើបអង្កេតរបស់សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យរូបនេះតែងតែធ្វើសកម្មភាពជិះម៉ូតូដើរមើលស្ថានភាពតាមផ្ទះ ឬបន្ទប់ជួលដែលមានជនបរទេសស្នាក់នៅនាពេលថ្ងៃ។ បន្ទាប់មក រូបគេនឹងត្រឡប់មកវិញនៅពេលយប់ ដើម្បីធ្វើសកម្មភាពគាស់ទ្វារចូលលួចយកទ្រព្យសម្បត្តិមានតម្លៃតែម្តង។
បច្ចុប្បន្ន ជនសង្ស័យកំពុងប្រឈមមុខនឹងការចោទប្រកាន់ពីបទ «អំពើចោរកម្មនាពេលរាត្រី ដោយប្រើប្រាស់មធ្យោបាយធ្វើដំណើរដើម្បីសម្រួលដល់ការប្រព្រឹត្តបទល្មើស និងដើម្បីគេចវេសពីការចាប់ខ្លួន»។ ប៉ូលិសបានបន្ថែមថា ជនសង្ស័យរូបនេះធ្លាប់បានធ្វើសកម្មភាពស្រដៀងគ្នានេះនៅក្នុងតំបន់ជាច្រើនផ្សេងទៀត មុននឹងត្រូវកម្លាំងជំនាញតាមដាន និងឈានដល់ការចាប់ខ្លួន។