ប៉េកាំង៖ មន្ត្រីអ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង (Mao Ning) នៅថ្ងៃទី ១ ខែមេសានេះ បានថ្លែងចាត់ទុកប្រតិបត្តិការរួមគ្នារវាងកម្ពុជា និងចិន លើការចាប់បញ្ជូនថៅកែក្រុមហ៊ុន ហួយវ័ន គ្រុប (Huione Group) គឺលោក លី សុង (LI XIONG)មកចិនវិញ គឺបង្ហាញពីឆន្ទៈរួមគ្នានៃកម្ពុជា-ចិន ក្នុងការបោសសម្អាត Online Scam។
ឆ្លើយសំណួររបស់ក្រុមអ្នកសារព័ត៌មានពាក់ព័ន្ធនឹងករណីបញ្ជូន លោក លី សុង មកប្រទេសចិនវិញ លោកស្រី ម៉ៅ នីង បានពន្យល់ថា ប្រតិបត្តិការប្រឆាំងOnline Scam គឺជាការទទួលខុសត្រូវរួមរបស់សហគមន៍អន្តរជាតិ ហើយក្នុងរយៈពេលកន្លងមក ចិនបានចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ជាមួយបណ្តាប្រទេសពាក់ព័ន្ធ រួមទាំងកម្ពុជា ដោយទទួលបានផ្លែផ្កាយ៉ាងល្អ ក្នុងការបង្ក្រាប Online Scamនេះ។
ស្ត្រីអ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ ថែមទាំងបានសង្កត់ធ្ងន់ថា ចិនចិនមានឆន្ទៈបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង រួមទាំងកម្ពុជា ដើម្បីជំរុញប្រតិបត្តិការបង្ក្រាបរួមឱ្យមានប្រសិទ្ធភាពបន្ថែមទៀត ក្នុងន័យការពារជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងធានាដល់កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់។
ថៅកែក្រុមហ៊ុន ហួយវ័ន គ្រុប (Huione Group) លោក លី សុង (LI XIONG) ត្រូវបានក្រសួងមហាផ្ទៃកម្ពុជា នៃសហការគ្នាជាមួយប៉ូលីសចិន បានឈានដល់ការបញ្ជូនទៅប្រទេសចិនវិញដោយជោគជ័យ ដើម្បីបន្តនីតិវិធី ពាក់ព័ន្ធបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam។
លោក លី សុង ត្រូវបានគេស្គាល់ថា ជាសមាជិកស្នូលនៃក្រុមឧក្រិដ្ឋជនរបស់លោក Chen Zhi។លោកជាប្រធានក្រុមហ៊ុន Huione Group ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Prince Group ហើយសង្ស័យថា ជាប់ពាក់ព័ន្ធជាមួយបទឧក្រិដ្ឋជាច្រើន៕