ភ្នំពេញ៖ សមាគមជប៉ុន JCA បានគូសបញ្ជាក់ពីបំណងពង្រីកកិច្ចសហការជាមួយកម្ពុជាតាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាពិសេសការអភិវឌ្ឍធនធានមនុស្ស និងការបញ្ជូនពលករខ្មែរទៅជប៉ុន ខណៈប្រទេសជប៉ុនកំពុងខ្វះខាតកម្លាំងពលកម្មវ័យក្មេង។ ការគូសបញ្ជាក់នេះត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងារជាមួយលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។
នាឱកាសនោះ លោក ហេង សួរ បានគូសបញ្ជាក់ពីទំនាក់ទំនងដ៏ល្អ រវាងក្រសួងការងារ និង JCA ដែលជាស្ពានភ្ជាប់អ្នកវិនិយោគ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស និងសេដ្ឋកិច្ចកម្ពុជា និងបានលើកឡើងពីសក្តានុពល ឱកាសវិនិយោគ និងការអភិវឌ្ឍកម្លាំងពលកម្មនៅកម្ពុជា ជាពិសេសធនធានយុវជនកាន់តែមានសមត្ថភាពខ្ពស់ប្រកបដោយថាមពល តាមរយៈការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ស្របតាមតម្រូវការទីផ្សារ និងឧស្សាហកម្មដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដោយឯកឧត្តមបានសង្កត់ធ្ងន់ថា កម្ពុជាចង់ឃើញមានការបញ្ជូនពលករខ្មែរទៅធ្វើការនៅប្រទេសជប៉ុនកាន់តែច្រើនឡើង។
រដ្ឋមន្រ្តីក្រសួងការងារ បានលើកទឹកចិត្តឱ្យ JCA ពិចារណាស្វែងរកវិធីសាស្រ្តគន្លឹះក្នុងការបណ្តុះបណ្តាលភាសាជប៉ុនឱ្យកាន់តែងាយស្រួល និងឆាប់ចេះនិយាយ ជាពិសេសពាក់ព័ន្ធនឹងពាក្យបច្ចេកទេសដែលជាបញ្ហាប្រឈមមួយនាពេលកន្លងមក។ ថ្នាក់ដឹកនាំក្រសួងការងាររូបនជ បន្ថែមថា ក្រសួងស្វាគមន៍ចំពោះការវិនិយោគនៅកម្ពុជា ព្រមទាំងកិច្ចសហការផ្សេងៗទៀតជាមួយភាគីជប៉ុន ជាពិសេសក្នុងវិស័យ TVET និង ការបើកឱកាសដល់យុវជនកម្ពុជាទៅធ្វើការនៅជប៉ុនបន្ថែមទៀត។
ជាមួយគ្នានេះ លោក តាកាហាស៊ី ហ្វូមីអាគី ប្រធានសមាគមកម្ពុជា-ជប៉ុន (JCA) បានគូសបញ្ជាក់ថា JCA ចង់ពង្រីកកិច្ចសហការជាមួយក្រសួង ជាពិសេសការអភិវឌ្ឍធនធានមនុស្ស និងការបញ្ជូនពលករខ្មែរទៅជប៉ុន ពីព្រោះថា ជប៉ុនកំពុងខ្វះខាតកម្លាំងពលកម្មវ័យក្មេង។ លោកក៏បានអរគុណចំពោះរាជរដ្ឋាភិបាល និងក្រសួង ចំពោះការគាំទ្រ JCA ឱ្យបានបំពេញប្រតិបត្តិការក្នុងរយៈពេល ៣ឆ្នាំមកនេះ៕