អាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ត្រាំ កាលពីល្ងាចថ្ងៃចន្ទ បានគំរាមបំផ្លាញមជ្ឈមណ្ឌលនាំចេញប្រេងដ៏សំខាន់របស់អ៊ីរ៉ង់នៅកោះ Kharg និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងទៀត លុះត្រាតែទីក្រុងតេអេរ៉ង់យល់ព្រមឲ្យបានឆាប់រហ័សចំពោះកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្គ្រាមអាម៉េរិក-អ៊ីស្រាអែល។ ការព្រមានជាថ្មីនេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោកដូណាល់ត្រាំប្រកាសថាលោកចង់បានប្រេងរបស់អ៊ីរ៉ង់ និងព្រមានដណ្តើមយកកោះ Kharg ដែលជាទីតាំងផ្ទុកប្រេង និងដឹកជញ្ជូនប្រេងដ៏ធំបំផុតរបស់ប្រទេសអ៊ីរ៉ង់។
ផ្អែកតាមសេចក្តីប្រកាសរបស់លោកដូណាល់ត្រាំតាមរយៈប្រព័ន្ធផ្សព្វផ្សាយ TRUST SOCIAL របស់លោកផ្ទាល់លោកបានរៀបរាប់ថាសហរដ្ឋអាម៉េរិកកំពុងពិភាក្សាយ៉ាងម៉ត់ចត់ជាមួយរបបថ្មី និងសមហេតុផលជាងនេះ ដើម្បីបញ្ចប់ប្រតិបត្តិការយោធារបស់យើងនៅក្នុងប្រទេសអ៊ីរ៉ង់។ វឌ្ឍនភាពដ៏អស្ចារ្យត្រូវបានធ្វើឡើង ប៉ុន្តែប្រសិនបើដោយហេតុផលណាមួយ កិច្ចព្រមព្រៀងមិនត្រូវបានឈានដល់ក្នុងពេលឆាប់ៗនេះទេ ហើយប្រសិនបើច្រកសមុទ្រ Hormuz មិនត្រូវបើកឡើងវិញ ភ្លាមៗទេ យើងនឹងបំផ្ទុះ និងបំផ្លាញចោលទាំងស្រុងនូវរោងចក្រផលិតអគ្គិសនី អណ្តូងប្រេង និងកោះ Kharg របស់អ៊ីរ៉ង់។ លោកត្រាំព្រមានថានេះនឹងជាការសងសឹកដល់ទាហានជាច្រើនរបស់អាម៉េរិក និងអ្នកដទៃទៀត ដែលអ៊ីរ៉ង់បានសម្លាប់ក្នុងអំឡុងពេល "រជ្ជកាលភេរវកម្ម" រយៈពេល ៤៧ ឆ្នាំរបស់របបចាស់របស់អ៊ីរ៉ង់។
គួររម្លឹកថាកោះ Kharg គឺជាកោះតូចមួយដែលមានទីតាំងស្ថិតនៅក្នុងឈូងសមុទ្រពែរ្ស (Persian Gulf) របស់ប្រទេសអ៊ីរ៉ង់។ ទោះបីជាវាមានទំហំតូច ប៉ុន្តែវាត្រូវបានគេចាត់ទុកថាជា "សរសៃឈាមសេដ្ឋកិច្ច" ដ៏សំខាន់បំផុតរបស់អ៊ីរ៉ង់។ កោះនេះគឺជា មជ្ឈមណ្ឌលនាំចេញប្រេងដ៏ធំបំផុតរបស់អ៊ីរ៉ង់។ វាមានទីតាំងយុទ្ធសាស្ត្រ ដែលអនុញ្ញាតឱ្យនាវាដឹកប្រេងខ្នាតយក្ស (Supertankers) អាចចូលចត និងផ្ទេរប្រេងបានយ៉ាងងាយស្រួល ដើម្បីដឹកជញ្ជូនទៅកាន់ទីផ្សារអន្តរជាតិ ដោយមានប្រហែល ៩០% នៃប្រេងឆៅដែលអ៊ីរ៉ង់នាំចេញទៅក្រៅប្រទេស គឺត្រូវឆ្លងកាត់លើកោះ Kharg នេះ។ បើគ្មានកោះនេះទេ ការនាំចេញប្រេងរបស់អ៊ីរ៉ង់នឹងត្រូវគាំងស្ទះស្ទើរតែទាំងស្រុង៕