Img 1426
Swift cc time

កុមារអាយុ ៣ឆ្នាំម្នាក់ កើតជំងឺផ្តាសាយបក្សី (H5N1) នៅខេត្តឧត្តរមានជ័យ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ឧត្តរមានជ័យ៖ ក្រសួងសុខាភិបាល នាថ្ងៃទី៣១ មីនា បានប្រកាសរកឃើញមានករណី ជំងឺផ្តាសាយបក្សី ចំនួន ០១ករណី កើតលើកុមារាអាយុ ៣ឆ្នាំ ដែលត្រូវបានបញ្ជាក់ថា មានវិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1)នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ។ អ្នកជំងឺមានទីលំនៅក្នុងភូមិទំនប់ថ្មី ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ និងមានការរាយការណ៍អំពី ករណីមាន់ ទាឈឺ និងងាប់នៅភូមិកើតហេតុខាងលើ។

បើតាមក្រសួងសុខាភិបាល បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកដាច់ដោយឡែកនៅ មន្ទីរពេទ្យ និងទទួលការព្យាបាលដោយឱសថតាមីហ្គូ (Tamiflu) ព្រមទាំងទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់ ពីក្រុមគ្រូពេទ្យ។ តាមការសាកសួរ បានបង្ហាញថា នៅផ្ទះអ្នកជំងឺមានចិញ្ចឹមមាន់និងទា ដែលក្នុងនោះមានមាន់ឈឺ និងងាប់មួយចំនួន ដែលកុមារបានលេងនៅជុំវិញកន្លែងមាន់ទាងាប់នោះ។

ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការជាមួយ ក្រុមការងារនៃមន្ទីរកសិកម្មខេត្តនិងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្មលើការ កើតឡើងនូវជំងឺផ្តាសាយបក្សី និងធ្វើការឆ្លើយតបទៅតាមវិធីសាស្ត្រ និងពិធីសារបច្ចេកទេស ស្វែងរកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងស្វែងរកករណីសង្ស័យនិងអ្នកប៉ះពាល់ ដើម្បីទប់ស្កាត់ការឆ្លងបន្តក្នុងសហគមន៍ ព្រមទាំងចែកជូនឱសថតាមីហ្គូ (Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាព ប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើ។

ក្រសួងសុខាភិបាល ក្រើនរំលឹកសារជាថ្មីម្តងទៀតដល់ពលរដ្ឋ ប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ហូរសំបោរ ឬ ពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺ ឬងាប់ក្នុងអំឡុង១៤ថ្ងៃមុនថ្ងៃចាប់ផ្តើមមាន រោគសញ្ញា សូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន និងត្រូវស្វែងរកការពិគ្រោះយោបល់ និងការពិនិត្យ ព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតជាបន្ទាន់ ចៀសវាងការពន្យារពេល ធ្វើឱ្យប្រឈមនឹង ហានិភ័យខ្ពស់នៃការស្លាប់ជាយថាហេតុ៕

Khcct banner

អត្ថបទទាក់ទង