ភ្នំពេញ៖ ជនជាតិឥណ្ឌូនេស៊ី ៣០ នាក់និងជនជាតិម៉ាឡេស៊ី ១៩ នាក់សរុបចំនួន៤៩នាក់ ( ស្រ្តី០៨នាក់) ត្រូវបានកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញឃាត់ខ្លួន ក្នុងពេលដែលសមត្ថកិច្ចចុះបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams នៅថ្ងៃទី៣០ ខែមីនា ស្ថិតនៅអាគារជួល ផ្លូវបេតុង ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ក្រៅពីការឃាត់ខ្លួនមនុស្ស សមត្ថកិច្ចក៏បានដកហូតនូវសម្ភារៈបច្ចេកទេសជាច្រើន ដែលបម្រើឱ្យសកម្មភាពខុសច្បាប់ រួមមាន៖ កុំព្យូទ័រ All-in-one ១១គ្រឿង, អេក្រង់ Monitor ៣៨គ្រឿង, ម៉ាស៊ីន CPU ១៧គ្រឿង, Laptop ០៧គ្រឿង, ទូរស័ព្ទដៃចំនួន ១៨៥គ្រឿង, Tablet ០២គ្រឿង និងស៊ីមកាតអន្តរជាតិមួយចំនួនធំផងដែរ។
ផ្អែកតាមលទ្ធផលកោសល្យវិច័យបឋម សមត្ថកិច្ចបានរកឃើញថា ជនសង្ស័យប្រើទីតាំងក្នុងប្រទេសកម្ពុជា ប្រព្រឹត្តបទល្មើសល្បែងស៊ីសងកាស៊ីណូអនឡាញខុសច្បាប់ ដែលមានគោលដៅទៅប្រទេសម៉ាឡេស៊ី និងសិង្ហបុរី ។បច្ចុប្បន្ន មនុស្សមនុស្សស្រីទាំង ៤៩នាក់ រួមនិងវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីបន្តការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ តាមនីតិវិធីច្បាប់៕