Img 1426
Swift cc time

គ្រោះធម្មជាតិភ្លៀងធ្លាក់ទឹកកក ផ្គររន្ទះ ខ្យល់កន្ត្រាក់ នៅវៀតណាម សម្លាប់មនុស្ស៤នាក់ និងរងរបួស៩នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

វៀតណាម៖ ស្ថានភាពអាកាសធាតុដ៏អាក្រក់ រួមមានភ្លៀងដុំទឹកកក ផ្គររន្ទះ និងខ្យល់កន្ត្រាក់ បានវាយប្រហារទីក្រុងហាណូយ និងបណ្តាខេត្តភាគខាងជើងប្រទេសវៀតណាម កាលពីថ្ងៃអាទិត្យ និងថ្ងៃច័ន្ទ កន្លងទៅនេះ ដោយបណ្តាលឱ្យមនុស្ស ៤ នាក់ស្លាប់ និង ៩ នាក់ទៀតរងរបួស។

តាមការរាយការណ៍របស់កាសែតVN Express ក្នុងចំណោមអ្នកបាត់បង់ជីវិត មាន ២ នាក់បណ្តាលមកពីរន្ទះបាញ់នៅខេត្ត Tuyen Quang និង Son La ខណៈ ២ នាក់ទៀតបានលង់ទឹកស្លាប់ បន្ទាប់ពីខ្យល់ខ្លាំងបានបោកបក់ធ្វើឱ្យក្រឡាប់ទូកនៅខេត្ត Quang Ninh។

ក្រៅពីការបាត់បង់ជីវិត គ្រោះធម្មជាតិនេះបានបំផ្លាញផ្ទះសម្បែងជាង ៦,៥០០ ខ្នង បំផ្លាញផ្ទៃដីកសិកម្មជិត ២៥០ ហិកតា និងធ្វើឱ្យសត្វបក្សីជាង ១,២០០ ក្បាល ងាប់ ព្រមទាំងបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាច្រើនដូចជា សាលារៀន មណ្ឌលវប្បធម៌ និងបង្គោលភ្លើងកម្ពស់ខ្ពស់ជាច្រើនដើម។

យោងតាមការព្យាករណ៍របស់ទីភ្នាក់ងារឧតុនិយមជាតិ តំបន់ភាគខាងជើងវៀតណាមអាចនឹងបន្តជួបប្រទះសម្ពាធខ្យល់ត្រជាក់រហូតដល់ថ្ងៃទី ២ ខែមេសា ដែលអាចបង្កឱ្យមានបាតុភូតអាកាសធាតុគ្រោះថ្នាក់ដូចជា ខ្យល់គួច និងរន្ទះបាញ់បន្ថែមទៀត។

នាពេលនេះ អាជ្ញាធរវៀតណាមកំពុងតាមដានស្ថានភាពអាកាសធាតុ ២៤ ម៉ោងលើ ២៤ ម៉ោង ដើម្បីត្រៀមលក្ខណៈឆ្លើយតបឱ្យបានទាន់ពេលវេលា និងបានអំពាវនាវឱ្យប្រជាពលរដ្ឋស្វែងរកជម្រកក្នុងសំណង់ដែលរឹងមាំនៅពេលមានការព្រមានអំពីព្យុះ ក៏ដូចជាការរឹងបណ្តឹងលំនៅឋាន ដើម្បីកាត់បន្ថយហានិភ័យដល់អាយុជីវិត និងទ្រព្យសម្បត្តិឱ្យបានជាអតិបរមា។

តំបន់ភាគខាងជើងនៃប្រទេសវៀតណាម តែងតែរងគ្រោះដោយសារបាតុភូតអាកាសធាតុប្រែប្រួលខ្លាំងនៅចន្លោះការផ្លាស់ប្តូររដូវ (ពីត្រជាក់មកក្ដៅ) ដែលបង្កឱ្យមានភ្លៀងដុំទឹកកក និងខ្យល់កន្ត្រាក់បោកបក់យ៉ាងគំហុក។ យោងតាមអ្នកជំនាញឧតុនិយម ការប៉ះទង្គិចគ្នារវាងខ្យល់ត្រជាក់ដែលកំពុងចុះមក និងម៉ាស់ខ្យល់ក្ដៅដែលមានស្រាប់ គឺជាមូលហេតុចម្បងដែលបង្កឱ្យមានគ្រោះធម្មជាតិដ៏កាចសាហាវនេះ ហើយវាអាចកើតឡើងភ្លាមៗបំផុត ដែលទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់ពីសំណាក់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន។

Khcct banner

អត្ថបទទាក់ទង