Img 1426
Swift cc time

លោក ស៊ី ជិនពីង ស្នើពលរដ្ឋចូលរួមដាំដើមឈើទូទាំងប្រទេស ដើម្បីជំរុញឱ្យចិនក្លាយជាប្រទេសពណ៌បៃតងស្រស់ស្អាត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ចិន៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង កាលពីថ្ងៃច័ន្ទម្សិលមិញនេះបានអំពាវនាវឱ្យពលរដ្ឋចិនទាំងអស់ចូលរួមសកម្មភាពដាំដើមឈើឡើងវិញ លោកថាបរិស្ថានធម្មជាតិដ៏ល្អប្រសើរគឺជាសម្បត្តិរួមរបស់ពលរដ្ឋគ្រប់រូប និងទាមទារឱ្យមានការខិតខំប្រឹងប្រែងរួមគ្នាពីគ្រប់មជ្ឈដ្ឋានទាំងអស់។ នេះបើយោងតាមប្រសាសន៍របស់លោកកំឡុងពេលចូលរួមក្នុងសកម្មភាពដាំដើមឈើស្ម័គ្រចិត្តនៅក្នុងស្រុក Changping ទីក្រុងប៉េកាំង រួមជាមួយថ្នាក់ដឹកនាំកំពូលៗរបស់បក្សកម្មុយនីស្តចិន និងមន្រ្តីរដ្ឋជាច្រើនរូបទៀត។

យោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋចិន CCTV+ ក្នុងឱកាសនោះ លោកប្រធានាធិបតីបានជួបសំណេះសំណាលជាមួយកុមារៗ ដោយលើកទឹកចិត្តឱ្យពួកគេតាំងចិត្តខ្ពស់តាំងពីក្មេង ស្រឡាញ់ការសិក្សា ការងារ និងធម្មជាតិ ដើម្បីក្លាយជាសសរទ្រូងរបស់សង្គម។ លោកស៊ីបានគូសបញ្ជាក់ថា ប្រទេសចិនបានក្លាយជាប្រទេសដែលមានការកើនឡើងនៃផ្ទៃដីបៃតងលឿនបំផុត និងធំបំផុតនៅក្នុងពិភពលោក ហើយការអនុម័ត «ក្រមបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ី» បានជួយពង្រឹងមូលដ្ឋានគ្រឹះផ្លូវច្បាប់កាន់តែរឹងមាំក្នុងការកសាងប្រទេសចិនឱ្យមានភាពស្រស់ស្អាត។

គួរបញ្ជាក់ថា នៅឆ្នាំ ២០២៦ នេះ គឺជាឆ្នាំដំបូងនៃការអនុវត្តផែនការប្រាំឆ្នាំទី ១៥ (២០២៦-២០៣០) របស់ប្រទេសចិន។ លោក ស៊ី ជិនពីង បានសង្កត់ធ្ងន់ថា ក្នុងដំណាក់កាលថ្មីនេះ ការដាំដើមឈើមិនត្រឹមតែផ្ដោតលើបរិមាណប៉ុណ្ណោះទេ ប៉ុន្តែត្រូវយកចិត្តទុកដាក់លើគុណភាព ការអភិវឌ្ឍឧស្សាហកម្មដែលពាក់ព័ន្ធ និងការនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជន ទាំងនៅតំបន់ទីក្រុង និងជនបទ៕

Khcct banner

អត្ថបទទាក់ទង