ភ្នំពេញ៖ មូលនិធិកុមារអង្គការសហប្រជាជាតិ (UNICEF) នឹងបន្តជួយពង្រឹងប្រព័ន្ធសុខាភិបាលសុខភាពមាតា ទារក និងកុមារ ជាពិសេសការផ្តល់ថ្នាំបង្ការ និងអាហារូបត្ថម្ភ ខណៈរៀបចំផែនការរយៈពេល ៥ឆ្នាំ (Country Program) ផ្តោតជាសំខាន់លើការគ្របដណ្តប់ការចាក់វ៉ាក់សាំងនៅទូទាំងប្រទេសកម្ពុជា។
នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួប លោកស្រី June Kunugi នាយិកា ការិយាល័យប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៃមូលនិធិកុមារអង្គការសហប្រជាជាតិ (UNICEF)។ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណ មូលនិធិកុមារអង្គការសហប្រជាជាតិ ដែលបានចូលរួមសហការគាំទ្រក្រសួងសុខាភិបាល ក្នុងការងារលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា តាមរយៈការផ្ដល់ជូនទាំងបច្ចេកទេស និងហិរញ្ញវត្ថុ ក៏ដូចជាការអភិវឌ្ឍធនធានមនុស្សនាពេលកន្លងមក និងបានជួយដល់ការសម្រេចបាននូវគោលដៅសុខាភិបាលមួយចំនួន តាមរយៈកម្មវិធីចាក់ថ្នាំបង្ការ និងកម្មវិធីសុខភាពមាតា និងកុមារជាដើម។
លោកស្រី June បានជម្រាបជូនថា ក្រោមកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ជាមួយក្រសួងសុខាភិបាល អង្គការ UNICEF ប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានពិភាក្សាបញ្ហាគោលនយោបាយ/កម្មវិធីសំខាន់ៗ រួមមាន ការដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភដែលនៅទ្រឹង ការគាំទ្រដល់ការផ្លាស់ប្តូរឌីជីថល និងការពន្លឿនផ្លូវឆ្ពោះទៅរកសមធម៌ និងការគ្របដណ្តប់សុខភាពជាសកល ព្រមទាំងការរៀបចំផែនការរយៈពេល ៥ឆ្នាំ (Country Program) ដោយអនុលោមតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងដោយផ្តោតជាសំខាន់លើការគ្របដណ្តប់ការចាក់វ៉ាក់សាំងនៅទូទាំងប្រទេសកម្ពុជា។
លោកស្រីបានអបអរសាទរក្រសួងសុខាភិបាល ដែលបានទទួលការសម្រេចពីមូលនិធិសកល តាមរយៈមូលនិធិអាហារូបត្ថម្ភកុមារ នឹងផ្តល់ជូនកម្ពុជាឱ្យទទួលបានឱកាសជាប្រទេស Unlock សម្រាប់ការស្វែងរកការគាំទ្រ ពីគម្រោងនេះលើកម្មវិធីអាហារូបត្ថម្ភកុមារនៅកម្ពុជា ប៉ុន្តែត្រូវមានការប្តេជ្ញាចិត្តរបស់ក្រសួងសុខាភិបាល ជាមួយអង្គការ UNICEF ព្រមទាំងមានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែល សម្រាប់រយៈពេល ៥ឆ្នាំ ពីឆ្នាំ២០២៦-២០៣០៕