វៀតណាម៖ វិស័យអាកាសចរណ៍នៅប្រទេសវៀតណាមកំពុងឈានចូលដំណាក់កាលដ៏លំបាកជាថ្មី ដោយសារការហក់ឡើងខ្ពស់នៃតម្លៃប្រេងឥន្ធនៈយន្តហោះ ដែលបណ្តាលមកពីភាពតានតឹងរវាងអាម៉េរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ កាលពីចុងខែកុម្ភៈ។ កត្តានេះបានធ្វើឱ្យថ្លៃដើមប្រតិបត្តិការកើនឡើងរហូតដល់ ៤០% ដែលបង្ខំឱ្យក្រុមហ៊ុនអាកាសចរណ៍ធំៗដូចជា Vietnam Airlines និង Vietjet សម្រេចកាត់បន្ថយជើងហោះហើរចន្លោះពី ១៨% ទៅ ២០% ក្នុងត្រីមាសទីពីរនេះ ដើម្បីរក្សាលំហូរសាច់ប្រាក់ និងកាត់បន្ថយការខាតបង់។ នេះបើតាមការចេញផ្សាយរបស់កាសែត Tuoi Tre News។
ទោះបីជារដ្ឋាភិបាលវៀតណាមបានជួយអន្តរាគមន៍តាមរយៈការបញ្ចុះពន្ធលើប្រេងឥន្ធនៈមកត្រឹម ០% ក៏ដោយ តម្លៃសំបុត្រយន្តហោះនៅតែបន្តកើនឡើងចន្លោះពី ១៥% ទៅ ២៣% ដែលធ្វើឱ្យសំបុត្រតម្លៃថោកស្ទើរតែលែងមានលើទីផ្សារចាប់ពីខែមេសានេះតទៅ។
ដើម្បីដោះស្រាយបញ្ហានេះ ក្រុមហ៊ុនអាកាសចរណ៍នានាកំពុងងាកមកពង្រឹងចំណូលបន្ថែមពីសេវាកម្មផ្សេងៗ ដូចជាការលក់អាហារលើយន្តហោះ ថ្លៃអីវ៉ាន់ និងការលក់កញ្ចប់ទេសចរណ៍ជាដើម ខណៈដែលពួកគេរំពឹងថា ការទាក់ទាញភ្ញៀវទេសចរអន្តរជាតិនឹងជួយសម្រាលបន្ទុកហិរញ្ញវត្ថុបានខ្លះ។
អ្នកជំនាញបានផ្តល់អនុសាសន៍ថា អ្នកដំណើរគួរធ្វើការកក់សំបុត្រឱ្យបានមុន និងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ព្រោះការកក់នៅកៀកថ្ងៃធ្វើដំណើរនឹងត្រូវប្រឈមមុខនឹងតម្លៃខ្ពស់កប់ពពក ដោយសារជើងហោះហើរមានកំណត់ និងការប្រែប្រួលនៃទីផ្សារថាមពលសកលដែលមិនទាន់មានភាពច្បាស់លាស់នៅឡើយ។