681 ezgif.com resize
Swift cc time

ក្រុមហ៊ុនដឹកជញ្ជូនមួយចំនួនបានតម្លើងថ្លៃដឹកពី២៥% ទៅ៣០% បន្ទាប់ពីតម្លៃប្រេងឥន្ធនៈឡើងថ្លៃ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឧកញ៉ាបណ្ឌិត ស៊ិន ចន្ធី អគ្គនាយក ក្រុមហ៊ុន ឡាញហល អេចប្រេស ខេមបូឌា និងជា ក្រុមប្រឹក្សាភិបាល នៃ សមាគម ភស្តុភាកម្មកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុនដឹកជញ្ជូនមួយចំនួនបានតម្លើងថ្លៃដឹកចន្លោះពី ២៥% ទៅ៣០% បន្ទាប់ពីតម្លៃប្រេងឥន្ធនៈនៅទូទាំងពិភពលោកកំពុងមានការកើនឡើងជាបន្តបន្ទាប់ ប៉ុន្តែការដឹកជញ្ជូនគឺនៅតែមានសកម្មភាពធម្មតា និងមិនមានភាពធ្លាក់ចុះណាមួយគួរឱ្យកត់សម្គាល់ឡើយ។ នេះជាការលើកឡើងរបស់ឧកញ៉ាបណ្ឌិត ស៊ិន ចន្ធី អគ្គនាយក ក្រុមហ៊ុន ឡាញហល អេចប្រេស ខេមបូឌា និងជា ក្រុមប្រឹក្សាភិបាល នៃ សមាគម ភស្តុភាកម្មកម្ពុជា មកកាន់សារព័ត៌មាន ស៊ីស៊ីថាមស៍។

បើតាមឧកញ៉ាបណ្ឌិត ស៊ិន ចន្ធី បានមានប្រសាសន៍ថា៖«ដូចដែលបានដឹងហើយថា កម្ពុជាក៏ដូចជាបណ្ដាប្រទេសនានានៅជុំវិញពិភពលោក កំពុងជួបបញ្ហាប្រឈមជាមួយនឹងការឡើងថ្លៃ និងការប្រែប្រួលយ៉ាងខ្លាំងចំពោះតម្លៃប្រេងឥន្ធនៈ ចាប់តាំងពីមានសង្គ្រាមនៅមជ្ឈិមបូព៌ាមក សង្កេតថាតម្លៃប្រេងឥន្ធនៈនៅបន្តឡើងថ្លៃរហូត។»

ឧកញ៉ារូបនេះបន្តថា ចំពោះការឡើងថ្លៃនេះ គឺមានបញ្ហាខ្លាំងចំពោះការដឹកជញ្ជូនធន់ធ្ងន់ ព្រោះការដឹកជញ្ជូនដែលមានលក្ខណៈធន់ធ្ងន់គឺត្រូវប្រើប្រាស់ប្រេងម៉ាស៊ូតច្រើនជាងគេ លើសពី៩០% ខណៈបច្ចុប្បន្ននេះ ប្រេងម៉ាស៊ូតកំពុងឡើងថ្លៃខ្លាំង ជាង៨០% បើធៀបនឹងតម្លៃមុនសង្គ្រាមមជ្ឈិមបូព៌ា ដែលបានប៉ះពាល់ពី៣០% ទៅ៥០% ដល់តម្លៃដើមនៃរថយន្តដែលប្រើប្រាស់ប្រេងម៉ាស៊ូតផ្ទាល់។

អ្នកជំនាញវិស័យដឹកជញ្ជូនរូបនេះបន្ថែមថា បើទោះជាតម្លៃប្រេងឥន្ធនៈនៅទូទាំងពិភពលោកកំពុងមានការកើនឡើងក្តី ក៏ការដឹកជញ្ជូននៅតែបន្តមានសកម្មភាព ដោយគ្រាន់តែមានភាពថមថយបន្តិចតែប៉ុណ្ណោះ និងមិនមានភាពគួរឱ្យកត់សម្គាល់ខ្លាំងនោះទេ។ គិតមកដល់ម៉ោងនេះ ក្រុមហ៊ុនដឹកជញ្ជូនមួយចំនួនក៏បានដំឡើងថ្លៃដឹករបស់ខ្លួនពី២៥% ទៅ៣០% ធៀបនឹងតម្លៃដើម ក្រោយតម្លៃប្រេងឥន្ធនៈមានការឡើងថ្លៃជាបន្តបន្ទាប់។

គួរបញ្ជាក់ថា ថ្លៃលក់រាយប្រេងឥន្ធនៈដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ គឺត្រូវលក់ ៥ ០០០រៀល/លីត្រ សម្រាប់ប្រេងសាំងធម្មតា (Gasoline 92) និង ៧ ២០០ រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត (Gasoil 10ppm) ។ តម្លៃនេះនឹងមានការប្រែប្រួលនៅថ្ងៃជូនដំណឹងបន្ទាប់។ នេះបើតាមក្រសួងពាណិជ្ជកម្ម៕


Khcct banner

អត្ថបទទាក់ទង