កំពត៖ ម្ហូបអាហារខ្មែរដែលជាស្នាដៃរបស់អ្នកខេត្តកំពតជាង ១៧០ប្រភេទ នឹងត្រូវលក់ដូរក្នុង«វិថីអាហារ» ខេត្តកំពត ចាប់ពីល្ងាចថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ខាងមុខ មុនឱកាស នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។
នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ លោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានដឹកនាំមន្ទីរជំនាញ អាជ្ញាធរក្រុងកំពត រួមនឹងអាជីវករដែលត្រូវលក់ដូរក្នុងវិថីអាហារ ដើម្បីធ្វើការចាប់ឆ្នោតយកតូបសម្រាប់លក់ដូរ ដែលការចាប់ឆ្នោតនេះបានធ្វើឡើងនៅសាលមហាជន សាលាខេត្តកំពត។
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានឱ្យដឹងថា វិថីអាហារត្រូវបានរៀបចំឡើងដោយមានភាពរឹងមាំ ហើយទីតាំងអគារនេះក៏មានរចនាបទខ្មែររួមបញ្ចូលនឹងអគារបេតិកភណ្ឌដែលនៅជុំវិញអាគារនេះ ដែលជាដួងព្រលឹងរបស់ក្រុងកំពត។ លោកប្រធានមន្ទីរបានបន្តថា វិថីអាហារនេះនឹងប្រមូលផ្តុំទៅដោយម្ហូបអាហារដែលជាស្នាដៃរបស់បងប្អូនអ្នកខេត្តកំពត ដែលមានរហូតដល់ជាង ១៧០ប្រភេទ ហើយវិថីអាហារនេះមានតូបសរុបទាំងអស់ចំនួន ៥២តូបផងដែរ។
ទន្ទឹមនឹងនេះ លោកអភិបាលខេត្ត មានប្រសាសន៍ថា ការរៀបចំវិថីអាហារដែលរំលេចដោយរចនាបទខ្មែរចំកណ្តាលក្រុងកំពត នាពេលនេះ នឹងធ្វើឱ្យកំណើនភ្ញៀវទេសចរកាន់តែកើនឡើង ហើយនឹងអាចជួយលើកកម្ពស់ជីវភាពអាជីវករ ក៏ដូចជា ប្រជាពលរដ្ឋក្នុងខេត្តកាន់តែមានភាពល្អប្រសើរ។
គួរបញ្ជាក់ថា វិថីអាហារនេះនឹងសម្ពោធបើកជាផ្លូវការនៅល្ងាចថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ខាងមុខ មុនឱកាស នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរចូលមកដល់៕