ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីថ្លែងការណ៍បដិសេធការយកប្រសាសន៍របស់លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ទៅធ្វើអត្ថាធិប្បាយ បំភ្លៃខុសខ្លឹមសារពិត ដោយមួលបង្កាច់ថា កម្ពុជា«សុខចិត្តកាត់ដី ឱ្យតែថៃឈប់ឈ្លានពាន តែថៃមិនព្រម»។ អ្នកនាំពាក្យក្រសួងការបរទេស បានប្រកាសបដិសេធ និងច្រានចោលទាំងស្រុងចំពោះការបំភ្លៃ និងចេតនាទុច្ចរិតរបស់ក្រុមនេះ។
យោងតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា នៅក្នុងឱកាសសំណេះសំណាលជាមួយប្រជាជនភៀសសឹកពីតំបន់ថ្មដា ស្រុកវាលវែង នៃខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនបងប្អូននៅទីនោះអំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងផ្អែកលើច្បាប់សន្ធិសញ្ញា និងកិច្ចព្រមព្រៀង និងដោយប្រើយន្តការដែលមានស្រាប់។
ជាអកុសល ក្រុមជនដែលមានរបៀបវារៈនយោបាយទុច្ចរិតបានយកប្រសាសន៍របស់ លោកឧបនាយករដ្ឋមន្ត្រី ទៅធ្វើអត្ថាធិប្បាយបំភ្លឺខុសខ្លឹមសារពិត ដោយមួលបង្កាច់ថា កម្ពុជា«សុខចិត្តកាត់ដី ឱ្យតែថៃឈប់ឈ្លាន័ពាន តែថៃមិនព្រម»។ អ្នកនាំពាក្យក្រសួងការបរទេស ប្រកាសបដិសេធ និងច្រានចោលទាំងស្រុងចំពោះការបំភ្លៃ និងចេតនាទុច្ចរិតរបស់ក្រុមនេះ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ជូនបន្ថែមថា នៅគ្រប់វេទិកាជាតិ និងអន្តរជាតិ លោកឧបនាយករដ្ឋមន្ត្រី តែងរំលឹកថា ប្រទេសកម្ពុជានិងថៃមានព្រំដែនអន្តរជាតិកំណត់តាមផែនទីគូស ដោយគណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម ដែលបង្កើតឡើងតាមអំណាចនៃអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ រវាងបារាំងនិងសៀម។ លោកឧបឧបនាយករដ្ឋមន្រ្តី ក៏តែងបានបញ្ជាក់អំពីជំហរជាគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនតាមសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ សន្ធិសញ្ញាកិច្ចព្រមព្រៀងដែលមានស្រាប់។ ក្នុងការវាស់វែង និងផ្ទៀងផ្ទាត់ខ្សែព្រំដែនលើដីជាក់ស្តែង ប្រសិនបើរកឃើញថាមានការកាន់កាប់ហួសខ្សែព្រំដែន ភាគីកម្ពុជាក៏ដូចជាភាគីថៃត្រូវតែប្រគល់ដីទៅវិញទៅមកទាំងសងខាងដូចគ្នា ដែលនេះគឺជាឆន្ទៈត្រឹមត្រូវស្របតាម់ច្បាប់អន្តរជាតិ និងស្របតាមមរតកព្រំដែនដែលបន្សល់ទុកពីបារាំង។
តាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (Joint Boundary Commission/JBC) ដែលត្រូវបានបង្កើតឡើងដោយអនុស្សារណៈយោគយល់គ្នាឆ្នាំ២០០០ (MOU-2000) កម្ពុជាបានខិតខំធ្វើការ ជាមួយសមភាគីថៃអស់រយៈពេលជាងពីរទសវត្សរ៍ហើយ ដើម្បីវាស់វែង និងផ្ទៀងផ្ទាត់ខ្សែព្រំដែនឱ្យកាន់តែច្បាស់លាស់នៅលើដីជាក់ស្ដែង និងប្រកបដោយភាពយុត្តិធម៌ ផ្អែកលើមូលដ្ឋានច្បាប់ដែលភាគីទាំងពីរបានឯកភាពសំដៅបង្កើតនូវព្រំដែនសន្តិភាព សហប្រតិបត្តិការនិងវិបុលភាពរួមគ្នា។ កម្ពុជា នៅតែប្តេជ្ញាចិត្តចំពោះជំហរដោះស្រាយបញ្ហាព្រំដែនតាមសន្តិវិធីដោយផ្អែកលើច្បាប់ តែទន្ទឹមនេះមិន់ទទួលយកជាដាច់ ខាតនូវការកំណត់ព្រំដែនតាមការប្រើកម្លាំង៕