ស៊ាងហៃ៖ ក្រុមអ្នកវិទ្យាសាស្រ្តចិនបានសម្រេចនូវសមិទ្ធផលថ្មីមួយទៀតដំបូងគេក្នុងពិភពលោកបន្ទាប់ពីបានសំងំសិក្សា និងស្រាវជ្រាវក្នុងការផលិតជង្គង់សិប្បនិម្មិត«គ្មានជាតិដែក»លើកដំបូងបំផុតក្នុងពិភពលោកក្នុងការជួយញ្ហាឈឺជង្គង់រ៉ាំរ៉ៃក្នុងសង្គមមនុស្សចាស់នាពេលបច្ចុប្បន្ន។ នេះបើយោងតាមការចេញផ្សាយដោយសាសរព័ត៌មានរដ្ឋចិន CCTV+ បានរាយការណ៍កាលពីល្ងាចថ្ងៃទី២៩ ខែ មីនា ឆ្នាំ ២០២៦ នេះ។
យោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនដដែល ក្រុមការងារដឹកនាំដោយលោកវេជ្ជបណ្ឌិត Wang You បានចំណាយពេលស្រាវជ្រាវយ៉ាងស្វិតស្វាញអស់រយៈពេល ១០ឆ្នាំ ដើម្បីបង្កើតជង្គង់នេះឡើងពីវត្ថុធាតុ Polymer កម្រិតខ្ពស់ហៅថា "PEEK"។ សម្ភារៈថ្មីនេះមានសមត្ថភាពចុះសម្រុងជាមួយឆ្អឹងមនុស្សបានយ៉ាងល្អឥតខ្ចោះ និងជួយកាត់បន្ថយការបាត់បង់ដង់ស៊ីតេឆ្អឹងនៅជុំវិញកន្លែងវះកាត់ ដែលជាបញ្ហាប្រឈមធំបំផុតនៃសន្លាក់ដែកកាលពីមុន។
អ្នកជំនាញបានកត់សម្គាល់ថា អត្ថប្រយោជន៍ដ៏អស្ចារ្យនៃបច្ចេកវិទ្យានេះ គឺការផ្ដល់ភាពងាយស្រួលក្នុងការពិនិត្យសុខភាពតាមរយៈការឆ្លុះ MRI ឬ CT Scan ដោយមិនបង្កការរំខាន ឬរូបភាពមិនច្បាស់ដូចសម្ភារៈលោហៈធាតុឡើយ។ លើសពីនេះ វាក៏ផ្ដល់សុវត្ថិភាពខ្ពស់ដល់អ្នកជំងឺមហារីកដែលត្រូវការការព្យាបាលដោយកាំរស្មី ដោយសារវាមិនរារាំងកាំរស្មីដូចជាតិដែកនោះទេ។
បច្ចុប្បន្ន ឧបករណ៍វៃឆ្លាតនេះត្រូវបានរដ្ឋាភិបាលចិនដាក់បញ្ចូលជា «ឧបករណ៍វេជ្ជសាស្ត្រច្នៃប្រឌិតកម្រិតជាតិ»។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមការងារកំពុងត្រៀមអភិវឌ្ឍបន្ថែមនូវ «សិនស័រវៃឆ្លាត» (Intelligent Sensors) ដើម្បីតាមដានទិន្នន័យសុខភាព និងដំណើរការរបស់ជង្គង់អ្នកជំងឺតាមរយៈប្រព័ន្ធឌីជីថល ដែលនេះជាសញ្ញាវិជ្ជមានដ៏ធំធេងសម្រាប់វិស័យសុខាភិបាលពិភពលោកនាពេលអនាគត៕