មែលប៊ន៖ ប៉ូលីសអូស្ត្រាលីបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍នៅព្រឹកថ្ងៃច័ន្ទនេះថា ប៉ូលីសបានបាញ់សម្លាប់ខ្មាន់កាំភ្លើងរត់គេចខ្លួនម្នាក់ដែលត្រូវបានចាប់ខ្លួនពីបទសម្លាប់មន្ត្រីប៉ូលីសពីរនាក់ ដោយបញ្ចប់ការតាមប្រមាញ់រយៈពេលប្រាំពីរខែ។ ប៉ូលីសបានរាយការណ៍ជនល្មើសដែលមានឈ្មោះថា Desmond Freeman បានរត់គេចខ្លួនចូលទៅក្នុងព្រៃក្រាស់កាលពីខែសីហាឆ្នាំមុន បន្ទាប់ពីបាញ់សម្លាប់មន្ត្រីប៉ូលីសពីរនាក់នៅលើដីជនបទមួយក្នុងរដ្ឋ Victoria ។ ក្នុងរយៈពេលប្រាំពីរខែកន្លងមកនេះ ប៉ូលីសរាប់រយនាក់បានតាមប្រមាញ់លោក Freeman ឆ្លងកាត់ដីរដុបនៃតំបន់នេះ ដោយបានប្រើប្រាស់ធនធានជាច្រើនចូលព្រៃនិងធ្វើការតាមប្រមាញ់រកជនល្មើស។
ប៉ូលីសរដ្ឋ Victoria បានប្រកាសក្នុងសេចក្តីថ្លែងការណ៍មួយថាជនល្មើស Desmond Freeman ត្រូវបានប៉ូលីសបាញ់សម្លាប់នៅដីមួយកន្លែងនៅភាគឦសានរដ្ឋ Victoria នៅព្រឹកនេះ បន្ទាប់ពីរូបគេបានសំងំលាក់ខ្លួនក្នុងព្រៃជ្រៅអស់ជាច្រើនខែកន្លងមក។ ប៉ូលីសបានបញ្ជាក់ទៀតថាជនល្មើសមានជំនាញខ្លាំងរស់នៅព្រៃដូចច្នេះទើបពិបាកសម្រាប់ប៉ូលីសក្នុងការតាមប្រមាញ់ ក្នុងប្រតិបត្តិការរុករកជាច្រើនខែនោះប៉ូលីសប្រមាណ ៤៥០ នាក់បានខិតខំប្រឹងប្រែងក្នុងការស៊ើបអង្កេត និងការស្វែងរកជនល្មើស។
គួររម្លឹកថាជនល្មើសរូបនេះមានវ័យ ៥៦ ឆ្នាំរូបនេះ ដែលត្រូវបានគេស្គាល់ក្រៅថា "Dezi" (Desmond Freeman) បានបើកការបាញ់ប្រហារលើប៉ូលីស នៅពេលដែលពួកគេបានឆ្មក់ចូលផ្ទះរបស់lokនៅក្នុងភូមិតូចមួយឈ្មោះ Porepunkah កាលពីខែសីហាឆ្មាំទៅ។ លោកបានសម្លាប់អ្នកស៊ើបអង្កេត Neal Thompson អាយុ ៥៩ ឆ្នាំ និងមន្ត្រីប៉ូលីសជាន់ខ្ពស់ Vadim De Waart អាយុ ៣៥ ឆ្នាំ។ មន្ត្រីទីបីម្នាក់បានរងរបួសនៅផ្នែកខាងក្រោមនៃរាងកាយ ខណៈពេលដែលមូលហេតុនៃដីកាឆែកឆេរមិនទាន់ត្រូវបានចេញផ្សាយ ប៉ូលីសបាននិយាយនៅពេលនោះថា ក្រុមឆែកឆេផ្ទះលោកនេះមានរួមមានសមាជិកនៃក្រុមស៊ើបអង្កេតបទល្មើសផ្លូវភេទ និងកុមារ៕