681 ezgif.com resize
Swift cc time

ថៃជំរុញអ៊ីរ៉ង់ឱ្យសង្គ្រោះនាវិក៣នាក់បាត់ខ្លួន និងធានាសុវត្ថិភាពនាវាដឹកជញ្ជូនថៃឆ្លងកាត់ច្រកសមុទ្រ Hormuz

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

បាងកក៖ រដ្ឋាភិបាលថៃ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ បានដាក់សំណើបន្ទាន់ទៅកាន់ប្រទេសអ៊ីរ៉ង់ ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្គ្រោះនាវិកជនជាតិថៃចំនួន ៣នាក់ ដែលកំពុងជាប់នៅលើនាវាដឹកទំនិញ "Mayurina Naree" ព្រមទាំងទាមទារឱ្យមានការធានាសុវត្ថិភាពចំពោះការធ្វើនាវាចរណ៍របស់ថៃ ឆ្លងកាត់ច្រកសមុទ្រ Hormuz ខណៈដែលវិបត្តិនៅមជ្ឈិមបូព៌ាកាន់តែរីករាលដាលខ្លាំង។ នេះបើតាមការចេញផ្សាយរបស់កាសែត The Nation។

លោក Panidone Pachimsawat អ្នកនាំពាក្យរងក្រសួងការបរទេសថៃ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow បានផ្ញើសារផ្លូវការទៅកាន់សមភាគីអ៊ីរ៉ង់ ដើម្បីស្នើសុំកិច្ចសហការផ្នែកសន្តិសុខជាបន្ទាន់។ ការទាមទារនេះធ្វើឡើងក្នុងបរិបទដែលសង្គ្រាមក្នុងតំបន់មជ្ឈិមបូព៌ាកំពុងឈានដល់ដំណាក់កាលគ្រោះថ្នាក់ ដោយមានការវាយប្រហារសងសឹកគ្នាទៅវិញទៅមកលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដែលបង្កជាសម្ពាធយ៉ាងខ្លាំងដល់ផ្លូវនាវាចរណ៍អន្តរជាតិ។

ទោះបីជាបណ្តាប្រទេសក្នុងតំបន់រួមមាន ប៉ាគីស្ថាន អារ៉ាប៊ីសាអូឌីត តួកគី និងអេស៊ីប កំពុងប្រជុំគ្នានៅទីក្រុងអ៊ីស្លាម៉ាបាដ ដើម្បីកាត់បន្ថយភាពតានតឹងក៏ដោយ ប៉ុន្តែមន្ត្រីថៃបានព្រមានថា ស្ថានភាពនៅតែមានភាពផុយស្រួយបំផុត។ ក្តីបារម្ភបានកើនឡើងទ្វេដង បន្ទាប់ពីមានសេចក្តីរាយការណ៍ថា ក្រុមហ៊ូទី (Houthi) បានលូកដៃចូលក្នុងសង្គ្រាមនេះពេញទំហឹង ដែលបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ខ្សែចង្វាក់ផ្គត់ផ្គង់ថាមពល និងទំនិញតាមសមុទ្រ។

បច្ចុប្បន្ន ក្រសួងការបរទេសថៃបានបង្កើតក្រុមការងារពិសេស ដើម្បីតាមដានស្ថានការណ៍ និងសម្របសម្រួលឱ្យនាវាដឹកទំនិញរបស់ខ្លួនអាចចាកចេញពីតំបន់ជម្លោះដោយសុវត្ថិភាព។ ស្របពេលជាមួយគ្នានេះ សហរដ្ឋអាម៉េរិកក៏បានបង្ហាញសញ្ញាពីលទ្ធភាពនៃកិច្ចពិភាក្សាជាមួយអ៊ីរ៉ង់ក្នុងសប្តាហ៍នេះ ក្នុងបំណងស្វែងរកច្រកចេញដើម្បីបញ្ចប់ប្រតិបត្តិការយោធា និងកាត់បន្ថយការបង្ហូរឈាមក្នុងតំបន់៕

Khcct banner

អត្ថបទទាក់ទង