ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅថ្ងៃទី៣០ ខែមីនា សម្រេចបណ្ដេញចេញអតីតមន្ត្រីការិយាល័យនគរបាលចរាចរណ៍ ឈ្មោះ ស៊ិន សុភា ដែលបម្រើការងារជាមន្រ្តីនគរបាលអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក្រោយសាងកំហុសឆ្គងជាបន្តបន្ទាប់បង្កប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរនគរបាលជាតិ និងប៉ះពាល់ផលប្រយោជន៍ពលរដ្ឋ ដែលកន្លងមក ស្នងការភ្នំពេញ ផ្តល់ឱកាសឲ្យកែប្រែកំហុសច្រើនដង តែនៅមិនព្រមកែខ្លួន។
ការបណ្ដេញចេញ អតីតអនុសេនីយ៍ទោ ស៊ិន សុភា នេះពាក់ព័ន្ធនឹងល្មើសវិន័យ ដូចជា កាលពីឆ្នាំ២០២១ ឈ្មោះ ស៊ិន សុភា ធ្លាប់ល្មើសបទវិន័យនគរបាលជាតិកម្ពុជា ដោយប្រើប្រាស់ឯកសណ្ឋាន សញ្ញាស័ក្ដិ បង្ហោះជាវីដេអូចម្រៀងនៅលើបណ្ដាញសង្គមហ្វេសប៊ុក និងTik Tok ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ដែលនាំឲ្យប៉ះពាល់កិត្តិយស សេចក្ដីថ្លៃថ្នូរ កងកម្លាំងនគរបាលជាតិ ហើយត្រូវបានអគ្គស្នងការដ្ឋាននគរបាលជាតិ អនុវត្តទណ្ឌកម្ម បន្ថយឋានន្តរស័ក្ដិចំនួន១ថ្នាក់។
នៅខែកុម្ភៈ ឆ្នាំ២០២៤ បុគ្គលរូបនេះ យកជនស៊ីវិលឲ្យចុះអនុវត្តការងារជំនាញនៅគោលដៅខ្លួនគ្រប់គ្រង រៀបចំឲ្យឈ្មោះ យឹម សុផាណា ផ្ទេរប្រាក់ផាកពិន័យក្លែងក្លាយទំលាក់កំហុសឲ្យមន្ត្រីនគរបាលចរាចរណ៍ នៅគោលដៅស្តុបក្ដាន់ពីរ និងផ្ដើមគំនិតបង្កើតផេកក្លែងក្លាយឈ្មោះ គង់ ម៉ូលីកា បង្ហោះផ្សព្វផ្សាយព័ត៌មានមិនពិត និងដាក់កំហុសលើមន្ត្រីនគរបាលចរាចរណ៍ នៅគោលដៅស្តុបក្តាន់ពីរ ថាមានភាពអសកម្ម។
ក្រៅពីនេះកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ ឈ្មោះ ស៊ិន សុភា បានឃាត់រថយន្ត១គ្រឿង ល្មើសភ្លើង សញ្ញាចរាចរណ៍ មិនមានបណ្ណបើកបរនៅចំណុចស្តុបអូរបែកក្អម បុគ្គលរូបនេះ បានប្រើប្រាស់វិធានការស្របច្បាប់គំរាមទារប្រាក់ ដោយយកតួនាទីសិទ្ធអំណាចគាបសង្កត់ដើម្បីផលប្រយោជន៍។ ចាត់ចែងបញ្ជាឲ្យមន្ត្រីនាំរថយន្តចេញពីគោលដៅ ដើម្បីបិទបាំងពីមហាជន និងងាយស្រួលដាក់សម្ពាធក្នុងការទារប្រាក់។ និងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥ គឺផ្ដើមចេញពីការមិនសប្បាយចិត្តជាមួយថ្នាក់ដឹកនាំការិយាល័យ ដែលពុំបានដាក់ឈ្មោះរូបគេ (ស៊ិន សុភា) ចុះគោលដៅ ធ្វើឲ្យមានការថ្នាំងថ្នាក់ចិត្ត ឈានដល់បែកធ្លាយឯកសារផ្ទៃក្នុងអង្គភាពឲ្យទៅសារព័ត៌មានយកបង្ហោះខ្លឹមសារវាយប្រហារមកលើការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក៕