ថៃ៖ កម្លាំងសមត្ថកិច្ចថៃនៃប៉ុស្តិ៍ប៉ូលិស Ban Ped កាលពីថ្ងៃទី២៩ ខែមីនា បាននាំជនសង្ស័យម្នាក់ទៅធ្វើត្រាប់សកម្មភាពឡើងវិញ បន្ទាប់ពីចាប់ខ្លួនយុវជនម្នាក់ឈ្មោះ Narin អាយុ ២៤ឆ្នាំ ដែលបានធ្វើសកម្មភាពកាត់ដំបូលហាងមាសមួយកន្លែង និងបានលួចយកកាត ATM ទៅដកប្រាក់អស់ចំនួន ២៥,០០០បាត (ប្រហែល ៧៥០ដុល្លារអាម៉េរិក)។
យោងតាមប្រភពព័ត៌មានពីកាសែត Khaosod បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីអធ្រាត្រថ្ងៃទី២៨ ខែមីនា នៅក្នុងស្រុកមឿង ខេត្តខុនកេន។ រូបភាពពីកាមេរ៉ាសុវត្ថិភាពបានបង្ហាញថា ជនសង្ស័យបានឡើងលើដំបូល រួចប្រើដង្កាប់កាត់ស័ង្កសី និងទម្លុះពិដានចូលទៅក្នុងហាងដើម្បីរុករកទ្រព្យសម្បត្តិ។ ទោះបីជាមិនអាចបើកទូដែកយកមាសបាន ប៉ុន្តែជននេះបានប្រទះឃើញកាត ATM ដែលមានសរសេរលេខកូដសម្ងាត់ជាប់ជាមួយ រួចក៏បានគេចខ្លួនទៅដកប្រាក់នៅស្ថានីយប្រេងឥន្ធនៈមួយកន្លែង។
ក្នុងខណៈពេលកំពុងដកប្រាក់ ម្ចាស់ហាងមាសទទួលបានសារដំណឹង (Notification) តាមរយៈកម្មវិធីធនាគារក្នុងទូរស័ព្ទដៃ ក៏បង្កការភ្ញាក់ផ្អើល និងរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ។ ក្រោយមក ប៉ូលិសបានប្រើប្រាស់ប្រព័ន្ធ GPS ដែលបំពាក់លើរថយន្តដឹកជញ្ជូនរបស់ជនសង្ស័យ រហូតឈានដល់ការចាប់ខ្លួនរូបគេបាននៅហាងអ៊ីនធឺណិតមួយកន្លែង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនធ្វើសកម្មភាពនេះតែម្នាក់ឯង ដោយសាររងសម្ពាធហិរញ្ញវត្ថុខ្លាំង។ជណសង្ស័យបន្ថែមថា រូបគេ គឺជាបង្គោលគ្រួសារត្រូវចិញ្ចឹមប្អូនៗចំនួន ៤នាក់ និងម្ដាយម្នាក់ ខណៈឪពុកកំពុងជាប់ពន្ធនាគារ។ ជនសង្ស័យបានបញ្ជាក់ថា ប្រាក់លួចបាននោះ គឺគ្រោងនឹងផ្ញើទៅឱ្យម្ដាយ ដើម្បីដោះស្រាយជីវភាព ប៉ុន្តែត្រូវសមត្ថកិច្ចឃាត់ខ្លួនបានមុន។
ជនសង្ស័យត្រូវបាន សមត្ថកិច្ចចោទប្រកាន់ពីបទ «លួចទ្រព្យសម្បត្តិដោយបំបែកបំបាក់របាំងការពារនៅពេលយប់» និងបទល្មើសក្រោមច្បាប់បច្ចេកវិទ្យា (Computer Crime Act) រួចបញ្ជូនទៅកាន់សាលាដំបូង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕